អគតិ ៤

អគតិ ៤

  

* លំអៀងទីមួយព្រោះលាញ់

ការពារបំពេញទាំងបំពាន

 ទោះមានកំហុសក៏ថាគ្មាន

ភ្លេចអស់ខ្មាស់អៀនរៀនធ្វើខុស ។

* លំអៀងទីបីព្រោះតែល្ងង់

ស្ដាប់ពាក្យញោះញង់មិត្តសំលាញ់

 នៅតែទាស់ចិត្តគ្មានសន្ដោស

មើលឃើញតែខុសព្រោះចង់ផ្ចាញ់ ។

* លំអៀងទីបីព្រោះតែល្ងង់

ស្ដាប់ពាក្យញោះញង់មិត្តសំលាញ់

 ស៊ីអែបស៊ីអបកេងប្រវ័ញ្ច

វាបានចំនេញផលស្ដុកស្ដម្ភ ។

* លំអៀងទីបួនព្រោះតែខ្លាច

ឥទ្ធិពលអំណាចនៃលោកធំ

 ធ្វើការអ្វីៗតែងច្រេមច្រុម

ព្រោះខ្លាចលោកធំមិនពេញចិត្ត។

 

បើលោកកូនខ្មែរ

បើលោកកូនខ្មែរ

   

ឃើញស្រុកគេល្អ

ទោះមានទោះក្រ

រស់តាមលំដាប់

ស្ដាយតែស្រុកឯង

អាងប្រចាក់កាប់

ឮតែសម្លាប់​

 

រាប់លានមិនអស់។

 

ឃើញស្រុកគេថ្កើង

ស្ដាយតែស្រុកយើង

សង្រ្គាមមិនស្ងប់​

ស ខៀវ​ ក្រហម

ឡប់ឡិនដូរសព្វ

កម្មច្រើនកាយកប់

តែលើកូនខ្មែរ។

  

ឃើញជាតិគេពន្ធ

ជួយជាតិជាមុន

ប្រសើរណាស់ដែរ​

មើលទៅស្រុកឯង

តែដល់ឆ្នាំខែ

ត្អូញត្អែរឡែៗ

 

សុំទានគេទៀត។

 

បង់ពន្ធជូនរដ្ឋ

តែបែរទៅធាត់

អ្នកធំឆ្លកឆ្លៀត

ផ្ទះធំស្កឹមស្កៃ

អ្នកយាមព្រោងព្រាត

ស្រែកថាជួយជាតិ

ជាតិលោកមួយណា?

  

ជាតិថៃ​ យួន​ ចិន

បានជាលោកប៉ិន

គ្មានគិតខ្មែរណា

លោកចេះខាងស្រែក

ពូកែអស្ចារ្យ

ចង់ស្លាប់ខ្មែរណា

 

ក៏លោកមិនខ្វល់។

 

បើខ្មែរស្នេហ៍ជាតិ

លោកកុំមានស្នៀត

នាំជាតិអំពល់

ត្រូវសាងសន្សំ

ទុកឈ្មោះបន្សល់

ស្លាប់ឲ្យនៅសល់

 

កេរ្ដិ៍ឈ្មោះឲ្យខ្មែរ

 

កូនខ្មែរត្រូវគិត

ចោរកើតចោរលិច

ចង់បានដីខ្មែរ

ញុះញុងអុចអាល

ឲ្យចាក់កាប់ខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

 

ត្រូវផ្ដាំតកូន។

 

លើកតូចឲ្យធំ

បង្កើតគំនំ

ច្បាំនិងបងប្អូន

ជួយយកស្រីស្រស់

មកថ្វាយក្រាបលូន

ថ្វាយខ្លួនជ្រកកោន

រួចកាត់យកដី។

  

រឿងរ៉ាវច្រើនណាស់

ពួកយើងចាស់ៗ

ផ្ដាំកូនេក្មេងខ្ចី​

ឲ្យចេះស្រលាញ់

រក្សាទឹកដី

គំរូប្រពៃ

 

កូនខ្មែរជាន់ក្រោយ។

 


 

កំណាព្យ ព្រំ ម៉ាញ

លោក ព្រំ ម៉ាញ សិល្បករ​ខ្មែរ​ខាង​ផ្នែក​ចម្រៀង​អាយ៉ៃ​ល្ខោន ភាពយន្ត​និង​ទូរទស្សន៍​ដ៏​ល្បីល្បាញ អាយុ ៥៨​ឆ្នាំ ទើប​បាន​ទទួល​គោរម្យងារ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ជា​វីរ​សិល្បករ​ដំបូង​បំផុត​នៃ​ព្រះរាជាណាចក្រ​ខ្មែរ។
  1. ខ្ញុំ​ឮ​គេ​ថា នៅ​តាម​សាលា ក្មួយៗ​ក្មេង​ស្ទាវ គេច​ពី​ថ្នាក់​រៀន ញៀន​ថ្នាំ​ឈាម​រាវ ប្រុស​ស្រី​វ័យ​ស្ទាវ រាវ​រាក់​គិត​ខ្លី។
  2. ពិត​ណាស់​ដូច​ថា វ័យ​វឌ្ឍនាការ ជំទង់​ជិត​២០ ចង់​សាក​ចង់​ល យក​អ្វី​ដែល​ថ្មី ខុស​ត្រូវ​ម្ដេច​ក្ដី វ័យ​រាក់​មិន​ជ្រៅ។
  3. ពិត​ណាស់​ដូច​ថា តម្រាប់​តម្រា តម្រង់​ត្រង់​ផ្លូវ មនុស្ស​ម្នា​ដើរ​វាង រេ​រាង​អង់​នៅ ផ្លូវ​ល្អ​មិន​ទៅ សំដៅ​ច្រាំង​ជ្រោះ។

ពាក្យ​ពិត​រែង​ថ្លែង នំ​បន្លំ​ក្លែង តែង​ល្អ​តែ​ក្រៅ លះលង់​ចោល​ទៅ កុំ​នៅ​ផ្ដេសផ្ដាស ក្រោក​សុំ​ពរ​ព្រះ ប្រោស​អ្នក​ជា​ថ្មី។ ស្វែង​រក​អនាគត ដើម្បី​រំលត់ ពត់​ចិត្ត​អប្រិយ លះ​អស់​ឧបាយ ក្នុង​កាយ​ប្រុស​ស្រី អ្នក​ហ្នឹង​មានជ័យ គ្រង​ខ្លួន​ឯង​បាន»៕

ពង្សាវតារ​ខ្មែរ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត


១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។

បទនគររាជ

បទនគររាជ​ (ភាសា​អង់គ្លេស Royal Kingdom) គឺ​ជា​ចំរៀង​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា។​ បទនគររាជ ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​សង្ឃរាជ ជួន ណាត

១​~ សូម​ពួក​ទេព្ដា​

ឱ្យ​បាន​រុងរឿង​
យើង​ខ្ញុំ​ព្រះអង្គ​
នៃ​ព្រះ​នរបតី​

គ្រប់​គ្រង​ដែន​ខ្មែរ

រក្សា​មហាក្សត្រ​យើង

ដោយ​ជយ​មង្គល​ សិរីសួស្ដី
សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី​
វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម
បុរាណ​ថ្កើនថ្កាន។

២~ ប្រាសាទ​សិលា​

គួរ​ឲ្យ​ស្រមៃ
ជាតិ​ខ្មែរ​ដូច​ថ្ម​
យើង​សង្ឃឹម​ពរ​

មហា​រដ្ឋ​កើត​មាន

កំបាំង​កណ្ដាល​ព្រៃ

នឹក​ដល់​យសសក្ដិ​ មហា​នគរ
គង់វង្ស​នៅ​ល្អ​ រឹងប៉ឹង​ជំហរ
ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា
យូរ​អង្វែង​ហើយ។

៣~ គ្រប់​វត្ត​អារាម​

សូត្រ​ដោយ​អំណរ​
ចូរ​យើង​ជា​អ្នក
គង់​តែ​ទេវតា​

ដល់​ប្រទេស​ខ្មែរ

ឮ​តែ​សូរស័ព្ទ​ធម៌

រំឭក​គុណ​ពុទ្ធសាសនា
ជឿជាក់​ស្មោះស្ម័គ្រ​ តាម​បែប​ដូនតា
នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យ
ជា​មហានគរ។



អត្ថន័យ

* វគ្គទី១៖ ការបួងសួងដល់ទេព្តា សូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងខ្លា មានទសពិធរាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្ត និងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណមកដោយរុងរឿង។
* វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
* វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់ទីវត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរ តាំងពីសម័យដូនតារៀងរហូតមក បើយើងជឿជាក់ និងប្រតិបត្តិតាមដូនតា យើងនឹងថ្កុំថ្កើងរុងរឿងដូចសម័យមហានគរ។

បណ្តាំពាលី

បណ្តាំពាលី​ ត្រូវបានតែង​ជា​ពាក្យ​កាព្យដោយ ហ្មឺនមាសគឺ​ឲកញ៉ា វិបុល​រាជ​សេនា (មាស )។​ បណ្តាំពាលីមានខ្លឹមសារដូច​តទៅ៖

បណ្តាំពាលី
សូម​សំដែង​សារ​ស័ព្ទ​ច្បាប់​សេយ្យ​ភេទ នៃ​ចមពង្សពាន​រេត​រឿង​ស្នាម
ក្លៀវក្លា​ក្លែង​ស្ទែង​ស្ទាត់​បទ​សង្រ្គាម ទ្រង់​ព្រះ​នាម​រាជា​ឈ្មោះ​ពាលី ។
ជា​បុត្រ​អង្គ​អម្រិន្ទ​ពិន​លោកិយ គ្រង​ខាសខិម​បុរី​រាជ​ធានី
ល្បីល្បះ​គ្រប់​ភព​ផែន​ដែន​បឋវី សព្វ​ទិស​ទី​ទ្វីទ្វីប​សឹង​ខ្លាច​ក្រែង ។
ទាំង​ទេវា​យក្ស​យង់​ទ្រង់​អំណាច ឮ​តែ​នាម​ខ្លបខ្លាច​ស្ញោរ​ស្ញប់ស្ញែង
រអា​អស់​មិន​អាច​ចេញ​អង្គទែង ព្រះ​អង្គ​ឯង​ពូជ​ពង្ស​វង្ស​ឥន្រ្ទា ។
កាល​ត្រូវ​សរ​ព្រហ្ម​មាស​រិទ្ធី​ក្រៃ ទ្រង់​យក​ដៃ​ចាប់​ជាប់​ដោយ​ឫទ្ធា
មិន​ឲ្យ​មុត​មាន​ស្នាម​អង្គា នឹង​ឲ្យ​ស្ញែង​នាមា​ទួទ្វីបា ។
ទុក​ជា​ច្បាប់​សំរាប់​រាល់​ទាហាន ត្រិះ​ធ្យោក​ធ្យាន​ធ្វើ​តាម​ទៅ​មុខ​ណា
ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​ក្ដាប់​ចាប់​សរ​ថ្លា ព្រះ​ហត្ថា​ឆ្វេង​ក្សត្រ​ទ្រង់​បោយ​ហៅ ។
ទៅ​សុគ្រីព​សូរ្យវង្ស​ពង្ស​សុរិយា នឹង​អង្គ​បុត្រា​រ័តន៍​ឆោម​ឆ្លៅ
ប្អូន​អើយ​ចូរ​មក​អាយ​បង​ប្រដៅ ដ្បិត​អង្គ​ចៅ​នឹង​ជា​ខ្ញុំ​ចក្រី ។
ខំ​គ្រង​វង្ស​ឲ្យ​គង់​ជា​ច្បងច្បាស់ យក​តេជះ​ដំកល់​លើ​កេសី
បា​តាំង​ចិត្ត​សុចរិត​ស្និទ្ធ​ភ័ក្ដី ជីវិត​វៃ​ថ្វាយ​ក្រោម​ព្រះ​បាទា ។
កាល​បាន​នឹង​ឡើង​គាល់​ដល់​ទ្វារ​វាំង បា​ឈប់​តាំង​ប្រណម្យ​នា​កេសា
រំលឹក​គុណ​បុណ្យ​បាទ​ព្រះ​មូលិកា សឹម​យាត្រា​កាន់​ផ្ទៃ​ព្រះ​រោង​ទ្រង់ ។
មួយ​កាល​គង់​ចាំ​គាល់​ក្នុង​និវេសន៍ កុំ​បា​ធ្វេស​ប្រហែស​ឲ្យ​លើស​លង់
ក្រែង​ជួន​ស្ដេច​ត្រាច់​ត្រង់​មក​យល់​យង់ រវាំង​អង្គ​អូន​ខ្លាច​ព្រះ​អាជ្ញា ។
ធ្វើ​ជា​ខ្ញុំ​សំគាល់​ដល់​ទី​ស្ថាន ឲ្យ​បាន​តាម​ព្រះ​ទ័យ​ទ្រង់​ប្រាថ្នា
បើ​ត្រាស់​សួរ​មក​ចំ​សឹម​វាចា គិត​ត្រិះ​ត្រា​ឲ្យ​ត្រូវ​ទំនង​ន័យ ។
ចូល​គាល់​កុំ​តែង​អង្គ​ឲ្យ​ពណ្ណរាយ ហាក់​ពាយ​ងាយ​ផ្ទឹម​នឹង​អង្គ​ជៀស្ឋ​ជ័យ
កុំ​ទូល​ទាស់​ផ្ទញ់​ផ្ទាល់​នៃ​ព្រះ​ហ្ឫទ័យ កុំ​សំឡឹង​នេត្រ​នៃ​ព្រះ​ច័ក្ករា ។
រី​ព្រះ​ចម​ចក្រ​ពង្ស​វង្ស​នារាយណ៍ ព្រះ​ប្រាជ្ញា​ឈ្វេង​ឆ្ងាយ​ដូច​រតនា
កុំ​បា​ឲ្យ​ហក់​ហួស​ជ្រួស​រាជការ រិះ​ត្រិះត្រា​ឲ្យ​ត្រូវ​ចិត្ត​មហាជន ។
បើ​ណា​កាច​បា​ភ្លៃ​ធ្វើ​តាម​កាច នរណា​ខ្លាច​ស្វែង​ផល​ឲ្យ​គិត​គន់
ជា​ជញ្ជីង​ជញ្ជឹង​ថ្លឹង​ចិត្ត​ជន ខាង​ណា​ធ្ងន់​លន់​លុប​លា​លស់​លៃ ។
មួយ​ស្នេហ៍​ស្នំ​សម​ស័ក្តិ​អគ្គ​នារី នេះ​ជា​ទី​ចំរើន​រីក​ហ្ឫទ័យ
កុំ​បា​បែរ​បាយ​បៀង​មៀង​មើល​វៃ ព្រះ​ជៀស្ឋ​ជ័យ​ទត​យល់​ពីភាល់​បា ។
ទាំង​ទាសី​នៃ​អ្នក​អគ្គ​នារី ទោះ​ឆវី​ល្អ​ស្មើ​កិន្នរ​ណា
កុំ​ប្អូន​ប្អូក​លូក​លលង​ស្នេហា ប្រៀប​ចិន្ដា​ថា​ជា​ស្នំ​បវរ ។
របស់​អ្វី​ហ្ឫទ័យ​ទ្រង់​ស្ម័គ្រ​ស្មោះ ថែ​របស់​នោះ​ទុក​តាម​ភូ​ធរ
បទ​ណា​ហាម​ប្រាម​ចិត្ត​កុំ​គិត​ល បា​សាទរ​ទុក​តាម​ជា​ខ្ញុំ​វៃ ។
បើ​ទ្រង់​ប្រោស​កុំ​ធ្វើល​លើ​ខ្លាំង រិះ​រវាំង​ក្រោយ​មុខ​ខ្លាច​ទុក្ខ​ភ័យ
កុំ​កាច​កោង​ប៉ោង​យ៉ៃ​ក្រៃ​ពេក​នៃ កុំកួន​គៃ​កុំ​ក្រោធ​ត​បក្ស​ត្រា ។
បា​ថ្នម​យស​ឲ្យ​សម​ពហូ​ស័ក្តិ កំហ៊ឹកហ៊ាក់​ឲ្យ​ហួស​ពី​វា​ស្នា
ស្លៀក​ប្រដាប់​ឲ្យ​សម​នឹង​កាយា កុំ​យាត្រា​គន់​កាយ​ឆ្វេង​ស្ដាំ​ផ្សំ ។
មួយ​មាន​ភឿនភ័ក្តិ​ភុម​ខ្ញុំ​រាជការ នឹង​ស្រឡាញ់​ជា​គ្នា​រើស​ឲ្យ​សម
បើ​គេ​ត្រង់​ៗ​ស្នង​សង​អារម្មណ៍ បើ​គេ​វៀច​ៗ​សម​ឲ្យ​សួន​ការ ។
បើ​បង់​សីល​រិះ​គិត​ថ្និតថ្នម​ស័ក្តិ ទើប​ចាត់​ជាក់​ជា​ហ៊ាន​មាន​ចិត្ត​ក្លា
បើ​គប់​ពាល​គិត​លុប​បង់​ពាល​ណា គិត​ប្រហារ​ពាល​កាច​ឲ្យ​ខ្លាច​ក្រែង ។
បើ​គេ​ល្អ​ស្មើ​ចិត្ត​កុំ​គិត​កាច បើ​គេ​ខ្លាច​ឱន​យស​កុំ​កំហែង
កុំ​នាំ​ភឿន​ដើរ​លេង​ជា​អ្នក​ល្បែង សង្ខេប​ចិត្ត​គិត​ក្រែង​ព្រះ​ចេស្ដា ។
មួយ​បើ​ត្រូវ​រាជ​ទ័ណ្ឌ​ដល់​ពាន់​ដង កុំ​បា​ចង​គំនុំ​គុំ​ក្សត្រា
កុំ​ប្រែ​ចិត្ត​គិត​ក្បត់​ព្រះ​ចក្ករា ខំ​ឧស្យាហ៍​ស្វែង​ផល​ប្រយោជន៍​ខ្លួន ។
បើ​ម៉ប​គាល់​នា​ឆ្ពោះ​ព្រះ​ភក្រ្តា កុំ​ប្រែ​ក្រោយ​ចរចា​មិន​សម​សួន
នៅ​មុខ​ព្រះ​ទីនាំង​រវាំង​ខ្លួន បា​គាល់​គួន​ចាំ​ស្ដាប់​រ៉ាប់​បញ្ជា ។
បើ​ទ្រង់​ព្រះ​ក្រោធ​នឹង​មុខ​មន្រ្តី កុំ​ស៊យ​សែម​ថែម​ស្ដី​ឲ្យ​ក្រោធា
ទោះ​កិច្ចការ​សារពើ​សព្វ​នា​នា កុំ​ពិត​ទូល​វេលា​ទ្រង់​ព្រះ​ខ្ញាល់ ។
មើល​ទំនង​ល្មម​ទូល​សឹម​ទូល​ពិត បា​ពិនិត្យ​ក្នុង​ក្រៅ​គ្រប់​អម្បាល
យល់​ប្រីតា​ប្រិមប្រិយ​ប្រោស​ក្រសាល មិន​ទ្រង់​ខ្ញាល់​សឹម​យក​សេចក្ដី​ថ្លែង ។
បើ​ត្រាស់​សួរ​ប៉ុន្មាន​ទូល​ប៉ុណ្ណោះ ពាក្យ​ក្រៅ​នោះ​កុំ​យក​មក​ផ្លើស​ប្លែង
តែ​ស្ដី​ច្រើន​ជ្រួស​មាត់​ភ្លយ​ភ្លាត់​ឯង ពាក្យ​ស្ដែង​គេ​មិន​ស្ដាប់​អាប់​អង្គ​បា ។
១​ទៀត​ព្រះ​ហរីរ័ក្ស​ចក្រ​ពេជ្រ ប្រោស​ប្រទាន​បំណាច់​ពល​សេនា
ដែល​ប្រាកដ​ប្រកប​ឆប​រាជការ កុំ​ឫស្យា​ទូល​ទាស់​អធ្យាស្រ័យ ។
របស់​អ្វី​ឈ្មោះ​ថា​ព្រះ​រាជ​ទ្រព្យ បា​គ្នេរគ្នៃ​គៃ​រាប់​រិះ​សព្វ​ថ្ងៃ
ទោះ​តិច​តួច​ហោច​ស្ដួច​ជា​សរសៃ យក​ចិត្ត​គិត​អាល័យ​ដូច​ផង​ខ្លួន ។
បើ​មាន​អ្នក​ប្រទេស​ដទៃ​មក កុំ​បៀត​រក​យក​មិត្រ​ភ័ក្ដី​ស្ងួន
តែ​ជ្រាប​ដល់​នឹង​កើត​អម្ពល់​ខ្លួន បា​គិត​អ្វី​ឲ្យ​មួន​កុំ​ឲ្យ​ហ្មង ។
មួយ​កាល​ចម​ចក្រពង្ស​ហរីរ័ក្ស ស្ដេច​កាន់​ទី​ដំណាក់​ឆ្នួន​ផែ​ផង
សឹង​ព្រម​ដោយ​រាជ​រថ​ស្នំ​ស្នែហ៍​ស្នង កុំ​ផ្អៀង​ផ្អង​ម៉ងមៀង​បៀង​បោយ​បែរ ។
ស្ថាន​ណា​ទ្រង់​ព្រះ​បញ្ញត្ត​ហាម បា​ប្រាបប្រាម​ចិត្ត​ចាំ​តាម​ក្រសែ
កុំ​ភ្លើន​ភ្លេច​ឲ្យ​ភ្លាត់​បទ​បាទ​បែរ បា​គិត​កែ​ឲ្យ​គង់​បណ្ដាំ​មុនី ។
វេលា​មាន​ទ័ព​ទាម​សង្រ្គាម​សឹក កុំ​បា​ភ្លឹក​ឲ្យ​ភ្ញាក់​ផ្អើល​យោធី
ចូរ​គិត​គៃ​កែ​កុន​កល់​ភេរី រក​ទិស​ទី​តាំង​តែង​ឲ្យ​សង៉ា ។
នឹង​ប្រព្រឹត្ត​គិត​ការ​សង្រ្គាម​ជ័យ ឲ្យ​វាង​វៃ​វេះ​វាត់​ស្ទាត់​កល់​ការណ៍
យល់​ទ្រោម​ទ្រុឌ​មិន​ទ្រាំ​ឲ្យ​ចោម​ណា បើ​គេ​គង់​ក្លៀវក្លា​បា​បោះ​ទល់ ។
បា​ថ្នម​ចិត្ត​ពល​ផង​ឲ្យ​ស្នេហា នឹង​គិត​ការ​មើល​ហេតុ​សង្កេត​ផល
សព្ទ​ឧបាយ​ស្រាយ​ដោះ​ឲ្យ​ដឹង​ដល់ មាន​ការ​កល​គិត​កែ​ឲ្យ​អាច​ហាន ។
ទាំង​នេះ​ហើយ​តែ​ដោយ​ព្យាយាម​ពិត កុំ​ខ្ជិល​គិត​ប្រើ​គេ​តាង​ភ្នែក​ប្រាណ
ជា​ចម​ទ័ព​រំងាប់​ចិត្ត​ក្រោធ​ថ្កាន នឹង​ហ៊ាន​ខ្លាច​ក្លាហាន​ឲ្យ​ល្មម​ល្អ ។
កុំ​អួត​ចេះ​រិះ​រក​តែ​ទី​ងាយ ទី​ណា​ធ្លាយ​យក​កាយបាតាំង​ត
ជា​ជាតិ​ប្រុស​ធ្វើ​ទ័ព​ទុក​នាមករ ឲ្យ​ល្បីល្បាញ​ខ្ចាយខ្ចរ​ទួ​លោកា ។
ចូរ​មើល​បែប​យ៉ាង​បង​មាន​សច្ចំ មិន​គិត​តាំង​ជីវិត​ប៉ុន​កេសា
មិន​គួរ​ស្ដាប់​គួរ​ស្ដាយ​ដួង​ជីវ៉ា មិន​គួរ​សូន្យ​សង្ខារ​កុំ​អាល័យ ។
បង​ផ្ញើ​កែវ​តារា​យុផា​ភក្រ្ត១ ចូរ​រួម​រ័ក្ស​ស្ម័គ្រ​ស្មោះ​កុំ​អា​ថៃ
គ្រង​រក្សា​គ្នា​ទៅ​នៅ​ក្រុង​ក្រៃ ទាំង​ក្របី​ស្រី​កំហែង​ហនុមាន ។
បា​ថែ​ទាំ​សង្គ្រោះ​សព្វ​សុរ្យវង្ស នៅ​ពីរ​ពង្ស​អង្គ​ក្មួយ​ទាំង​ពីរ​ប្រាណ
ផ្ដាំ​ស្រេច​លេង​សរ​ព្រះ​អវតាណ២ សង្ខារ​ប្រាណ​បាន​ទៅ​កើត​សួគ៌ា ។
ទើប​បាន​នាម​ទេវា​ជា​ពាលី ព្រោះ​មាន​ទី​សច្ចំ​ជា​សព្វ​គ្រា
នឹង​តេជះ​សរ​នារាយណ៍​ជួយ​នាំ​ពាហ៍ បាន​សោយ​សុខ​សួគ៌ា​សម្រាន្ត​ចិត្ត ។
សុភាសិត​ពាលី​ពី​បុរាណ នោះ​ចំណាន​មែន​ហើយ​តែ​ប្រគិត
សាធុជន​ទញ់​ទាល់​នឹង​ពិនិត្យ ទើប​គិត​កែ​គ្រាន់​ងាយ​ពិចារណា ។
ខ្ញុំ​ជា​ហ្មឺន​ឈ្មោះ​មាស​ឈ្លាស​ឈ្លៀត​គិត ចង​លិខិត​ប្រឹត​ប្រែ​កែ​លិខា
ទុក​ជា​ច្បាប់​សម្រាប់​ខ្ញុំ​រាជការ មិន​វិត្ថារ​ព្រោះ​ទើប​រើប​ហ្វឹកសន ។
នោះ​បើ​ខុស​បើ​ខាត​បាទ​បទ​ក្ដី សូម​ប្រណី​ផ្លាស់​កែ​ប្រែ​សុន្ថន៣
ឲ្យ​តែ​ត្រូវ​តែ​ត្រង់​គណៈ​ក្លន ទុក​ជា​បន​ជា​បែប​បណ្ដាំ​អឺយ ។

ច្បាប់ប្រុស

ច្បាប់ប្រុស
នេះបទព្រហ្មគីតិ ពីព្រេងព្រឹទ្ធទុកទូន្មាន
ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។
ឲ្យអស់កូនចៅក្រោយ ស្ដាប់កុំឲ្យភ្លេចស្មារតី
ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។
ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា
ក្រគិតក្នុងចិន្ដា ឲ្យបានដឹងសមនិងគួរ។
នឹងអស់ញាតិសន្ដាន សោះគេមានពាក្យថាជួ
កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ។
នឹងដើរដូចភុជង្គ ឲ្យឱនអង្គអាចបារម្ភ
ឲ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឲ្យឆ្គង។
រៀនបទរៀនបាទចាស៎ កុំច្រឡាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គង​ពាក្យពេចន៍​គេ​ស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ
គេស្ដីដើមជៀវជុំ ជំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
ស្លាម្លូស៊ីឲ្យច្រៀក កុំបីបៀកទាំងមូលមិញ
តូចធំឲ្យច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ។
ដេកយូរកុំដេកយូរ ហើយទទូរដូចគេងាប់
សំពត់ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន។
នឹងដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បួន
បើភ្ញាក់ឲ្យដឹងខ្លួន ឡើងអង្គុយកុំមាត់ខ្លាំង។
ប្រែប្រាណប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង
ប្រួញប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។
បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ
ភ្ញាក់ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា។
ទោះពេលពន់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា
កាំបិតខាងអាត្មា ឲ្យសិតទឹកដាក់ចុងជើង។
ប្រអប់ដាក់ទឹមស្មា ថ្វាយទេព្ពារក្សាយើង
ហើយឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់។
កុំឲ្យអស់រលីង រលត់ធេងហើយថាភ្លេច
សព្វថ្ងៃមើលកុំដាច់ កុំដើរយកពីផ្ទះគេ។
ថែទាំមើលជើងក្រាន ឲ្យឧសមានកុំទំនេរ
បង្កាត់បង្កើតកេរ្តិ៍ កុំប្រហែសឲ្យសូន្យសុង។
ប្រយ័ត្នក្រែងក្រងាយ ពុំសប្បាយឈឺពោះពុង
បង្កាត់កម្ដៅអង្គ អុជបំភ្លឺមើលនេះនោះ។
មានកាលយប់ងងឹត ភ្លេចមិនគិតជួនកូនចុះ
គ្មានភ្លើងអុជចន្លុះ ក្រានរលុះរលត់ធេង។
រត់រកភ្លើងសស្រាក់ ព្រួយលំបាកតែខ្លួនឯង
ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។
ហើយឲ្យថែទាំទឹក ទោះយប់ព្រឹកកុំគិតងាយ
ដងដាក់ក្អមរាត់រាយ សព្វពួច ពាងអាងអុង ធំ។
កុំឲ្យស្ងួតក្អមធេង អស់រលីងពីពាងធំ
គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់ថ្ងៃ។
ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ
ក្រែងមានមែកឈើព្រៃ កាប់កាន់មកធ្វើអុស។
ជួនកាលក្រែងមានបន្លា មុតអាត្មាគ្រាន់ចាក់ជួស
ជាគ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ។
ដើរព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ
កាប់កាន់កុំដៃទេ អង្គុយគន់មើលឆ្វេងស្ដាំ។
ក្រែងមានឈើព្រៃងាប់ គួរកាច់កាប់យកជាថ្នាំ
ផ្ញើក្រានគ្រាន់ដណ្ដាំ បាយបានឆ្អិនឆាប់ដូចចិត្ត។
សោះស្រីស្រដីបាន បើអុសមានមិនព្រួយគិត
សព្វថ្ងៃប្រុងគំនិត ថែទាំទើបគង់របស់។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្ដួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើន ទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យមើលមុខៗ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចម្ការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់សព្វបន្លែ។
កុំខ្ជិលកុំច្រអូស ទៅងងូសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ទោះធ្វើស្រែចម្ការ ឲ្យឧស្សាហ៍មើលថែទាំ
កុំខ្ជិលកុំប្រចាំ ចបចូកជីកស្មៅវល្លិផង។
កុំឲ្យបង់កម្លាំង ទោះខែប្រាំងប្រើឲ្យដង
ទឹកទៅស្រោចស្រង់ផង ឲ្យលូតលាស់មានផ្លាផ្កែ។
ធ្វើការកុំគិតព្រួយ ខ្លួនឯងមួយកុំត្អូញត្អែរ
ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាចតែនឿយហើយមិនធ្វើ។
ជាងយប់បិតឫស្សី ត្បាញជាល្អីតៅកញ្ជើ
កុំឲ្យស្រីស្ដីលើ ឥតអំពើធ្វើលេងទៅ។
កុំទុកដៃទទេ ជាងទំនេរបោចស្មៅព្រៅ
ខាងផ្ទះខាងលំនៅ ឲ្យវាលកាលកើតសុខា។
ឲ្យមានក្ដីបារម្ភ ធ្វើស្រែកុំចោលចម្ការ
ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់។
ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុងប្រយ័ត្ន
ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹងខ្លួន។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែធួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណាៗ
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើទៅជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចាប់ចុកឥតគេសម។
ទោះដើរមានដំណឹង ឲ្យរំពឹងគិតបារម្ភ
នឹងដើរៗឲ្យសម យប់ព្រលប់ឲ្យមាត់ក។
កុំស្ងៀមកុំស្ងាត់ពួន លបលាក់ខ្លួនខ្លាចមិនល្អ
ឲ្យមើលឲ្យមាត់ក ដើរឲ្យស្មោះសោះគេថា។
ទោះខ្លួនជាប៉ុន្មាន ពាក្យសន្ដានរែងមុសា
គេម៉ៃ មកអាត្មា តាមដំណឹងដំណើរខុស។
កូនអើយបាកុំធ្លោយ កុំធ្លាយឲ្យអាប់កេរ្តិ៍យស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀរប៉ោធួ កំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោនិងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងគេនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។
ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន
ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ។
ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងដាំក្បាលចុះ
ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឲ្យបានឆាប់។
មើលមុខល្អមិនតិចអី មិនខ្មាសស្រីផ្សារឈរស្ដាប់
មុខមិញដូចគេស្ដាប់ មាត់ស្ញេញស្ញាញពេបកូនក្មេង។
ស្រែកថ្ងូរអេះអូយអឺយ អាចិកអើយអាណិតលែង
អញរកប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះបាន។
ចិនឮព្រមស្រាយមក បណ្ដើររកប្រាក់សន្ដាន
តឹងទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង។
អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង
កុំលកុំលូកលេង គួរឲ្យវាងឲ្យវៀរសោះ។
កុំឈរកុំឈប់ចិត្ត ក្រែងមិនអត់បង់កេរ្តិ៍កោះ
កុំល្បងល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ។
ច្បាប់នេះចាំរាល់ខ្លួន ទោះបងប្អូនមិត្តសម្លាញ់
ពឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគេយកទៅ។
ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ
វាបានទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់។
ដល់គេមកតឹងទារ អ្នកធានាក៏បានឆាប់
មិនបានគេប្រចាប់ ទៅជាខ្ញុំព្រោះធានា។
ទោះបងប្អូនធុរៈ ក្រជំពាក់គេតឹងទារ
បើមានទ្រព្យជួយជា កុំធានាណា៎អ្នកអាយ។
កូនអើយចូរបាចាំ ឪពុកផ្ដាំកុំបីណាយ
ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេចពាក្យនេះណា។
មួយទៀតហៅឆ្កួតស្រី គួរកុំបីសេពកាមា
វាតែងទាញអាត្មា នាំវង្វេងភ្លេចបាបបុណ្យ។
ភ្លេចទានសីលសូន្យសោះ ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម
ភ្លេចទោសភ្លេចទាំងគុណ ភ្លេចទាំងការកាន់រសាយ។
បង្កើតតែទុក្ខទោស បើបានសុខសឹងប្រែក្លាយ
បង្កើតក្ដៅក្រហាយ ឲ្យទាស់តែងខឹងនឹងគ្នា។
ចងទោសគុំគង្គួន មិនគិតខ្លួនខ្លាចមរណា
មានកាលក្មួយនិងមា គុំធ្វើគ្នាឲ្យសោះសូន្យ។
បង្កើតតែចិត្តធំ ចៅគំនុំនឹងជីដូន
ឯបងខឹងនឹងប្អូន ម្ដាយនិងកូនគុំធ្វើគ្នា។
រីខ្ញុំគុំកាប់ម្ចាស់ ឲ្យក្ដៅណាស់ក្នុងអង្គា
កើតទោសខឹងនឹងគ្នា ជាគំនុំពុំត្រាស្បើយ។
មានកាលគេដាក់ឃ្នាង វាមិនរាងចាលចិត្តឡើយ
លក់ព្នៃ ខ្ញុំគេហើយ មិនខ្លាចស្លាប់ដល់អាត្មា។
គេកាប់ដោតទាំងក្បាល មិនចេះចោលចិត្តឡើយណា
ភ្លេចខ្លួនសូន្យសោះណា នឹកតែត្រង់សេពសប្បាយ។
រីឯកាមកិលេស កុំប្រហែសគួរឲ្យណាយ
ស្អិតណាស់ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ។
នេះឯងហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ
ចូរចងចាំសព្វថ្ងៃ ទុកទូន្មានអង្គអាត្មា។
អ្នកប្រាជ្ញលោកនិទាន ទុកទូន្មានរាល់រូបា
មួយហៅឆ្កួតសុរា នោះកុំផឹកវាស្រវឹង។
វានាំភ្លេចវិញ្ញាណ ភ្លេចសីលទានសោះសូន្យឈឹង
ផឹកហើយមិនដែលនឹង នាំចិត្តនោះឲ្យធំក្រៃ។
ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ
កម្លាំងឯងស្មើនឹងចៃ មិនកោតគេតិចឡើយណា។
ក្អេងក្អាងពាក្យកក្អែ អួតពូកែបទបានស្រា
មិនមានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ។
បញ្ជោរបញ្ចៀសផ្ដាស ជេរវាងវាសមិនចំឈ្មោះ
នាំហេតុតែខាងឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់។
ប្រពន្ធឃើញឃាត់ទៅ ប្ដីមិនត្រូវថាកុំអ្នក
ឯងខឹងលោវាធាក់ ដោយចិត្តធំបទបានស្រា។
មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា
ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង។
គេឃើញអស់ខ្មាសខ្ញុំ ក្មេងជៀវ ជុំសើចទ្រហឹង
ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាសពេញទាំងខ្លួន។
កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន
ដឹងហើយស្រវឹងបួន ខ្លួនខ្សត់ទេអួតថាមាន។
អ្នកស្លូតទៅជាកាច ឯងអ្នកខ្លាចទៅជាហ៊ាន
ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប។
នេះឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប
អ្នកណាផឹកហើយបាប បង់កិត្តិយសពុំសួស្ដី។
គួរកុំសេពសុរា នាំអាត្មាឲ្យអប្រិយ
នឹងធ្លាក់ទៅអវចី នរករងទុក្ខវេទនា។
ហៃអស់ជនទាំងឡាយ កុំរាយមាយក្នុងអង្គា
ចូរស្ដាប់ច្បាប់នេះណា ទុកទូន្មានខ្លួនសព្វថ្ងៃ។
នេះឯងហៅឆ្កួតបី លោកស្រដីក្នុងធម៌ថ្លៃ
បើអ្នកណាមួយនៃ នឹងប្រាថ្នាដោយចំណង។
លោកចងជាឧបមា ឲ្យអ្នកណាមួយផ្ចិតផ្ចង់
យកដែកដុលបោះបង់ ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។
បើកាន់ដែកដែលដុត នោះមិនមុតមិនមានក្ដៅ
កាន់បាននោះទើបហៅ ចិត្តមុតមែនពិតគិតប្រាណ។
នោះទើបលោកឲ្យធ្វើ នូវអំពើទាំងបីបាន
ដោយធម៌បុរាណ លោកឧបមាដូច្នេះនា។
ចាត់ចែងតែងជាបទ ព្រហ្មប្រាកដកាលបិតា
ប្រដៅខ្ញុំនេះណា សព្វសេចក្ដីដូច្នេះនៃ។
កិច្ចកាព្យរាយរៀបរោះ ខ្ញុំនាមឈ្មោះបណ្ឌិត មៃ
គិតចងជាសេចក្ដី ប្រដៅជនចប់ម្ល៉េះហោង៕

ច្បាប់ស្រី

ច្បាប់ស្រី

បទភុជង្គលីលា

នេះបទកំណត់ចងជា

ភូជង្គលីលា

ចងជាច្បាប់ស្រី។

  

កាលនាងអិរន្ទវតី

ចរចាកតាមប្តី

គឺបុណ្ណកយក្សា។

  

នាងវឹមលាជាមាតា

បើកបន្ទូលថា

ហៃកូនពិសី ។

  

នាងនឹងត្រាច់ត្រង់តាមប្តី

ចេញចាកអំពី

ពិភពនាគនេះ ។

នៅឋានមនុស្សលោកនាយអះ

ចូរនាងចាំចេះ

បំរើស្វាមី ។

  

ធ្វើវត្តប្រត្តិបត្តិប្រក្រតី

កុំឲ្យស្វាមី

អាក់អន់ចិន្តា ។

  

នាងអើយគំដែងក្រឡា

ជាម្ចាស់សិរសា

កូនកុំមាក់ងាយ។

  

ហៃកូនស្រីស្ងួនមាសម្តាយ

ក្រណាស់នាងអាយ

តាមដោយច្បាប់ស្រី។

  

ក្រមួយមិនបានសំដី

ពាក្យទន់តិចនៃ

ឲ្យញាតិចូលចិត្ត។

១០

ក្រមួយមិនចេះរិះគិត

ឃើញញាតិឆ្ងាយជិត

ហៅឡើងឆីស្លា។

  

ទោះមានមិនមានក្តីណា

ពាក្យផ្អែមចរចារ

ទើបគេស្រលាញ់

  

កុំជួចិត្តស្មូរកំណាញ់

មិនមានអស់អញ

នឹងញាតិសន្តាន។

  

កើតយសរបស់ផងបាន

កើតសុខក្សេមក្សាន្ត

ពីព្រោះកូនស្រី។

  

ទោះនឹងនិយាយស្រដី

ការកេរ្តិ៍ជាស្រ្តី

កុំស្តីឡេះលាស់។

១៥

ថាលេងដូចក្មេងញ៉េះញ៉ោះ

ឃើញប្រុសកំលោះ

សសៀរចូរជិត។

  

សើចព្រៀងបញ្ឆៀងមិនគិត

ប្រុសព្រើលបានចិត្ត

ទាហានដោយសារ។

  

ហៅស្រីអប្រិយឥតការ

ឥតមានអិរិយា

មារយាទក្នុងខ្លួន។

  

សើវ៉ើពុំធ្វើនឹងនួន

ស្រដីមិនមួន

មិនមានអៀនអន់។

  

ឃើញគេបៀតបែរគយគន់

សើចសួរចំអន់

ចំអកឲ្យប្រុស។

២០

ហៅស្រីអប្រិយទុរយស

មិនខ្លាចខ្លួនខុស

មារយាទក្រិត្យក្រម។

  

ធ្វើការអង្គុយច្រលំ

នឹងសមពុំសម

ថាឯងជាស្រី ។

  

មិនកោដមិនខ្លាចចិត្តប្តី

ឲ្យប្រុសដទៃ

មាក់ងាយប្តីណា។

  

ហៅស្រីឥតលក្ខណា

ឥតមានកិរិយា

មារយាទពុំសម។

  

ធ្វើការផងណាប្រើខំ

ទោះត្បាញចាក់ដំ

នាងខំឲ្យហើយ។

២៥

កុំទុកទៅមុខទៀតឡើយ

ថាចាំបង្ហើយ

កម្រណាស់ណា។

  

ទោះធ្វើហូលគោមព្រែផ្កា

ដាក់ត្បាញហើយណា

បានស្រេចសឹមធ្វើ។

  

ធ្វើឲ្យកើតកេរប្រសើរ

ហើយកុំឲ្យដើរ

លេងផ្ទះគេណា។

  

ឱស្ងួនខ្លឹមខ្លួនរក្សា

នាងខំធ្វើការ

ទាន់ខ្លួនក្រមុំ។

  

មានប្តីបានអ្វីជាខំ

រវល់កូនយំ

កម្រចេះឆ្លៀត។

៣០

ព្រួយចិត្តគំនិតចង្អៀត

មួយហើយមួយទៀត

យំទារតែឆី។

  

រឹងព្រួយទាំងមួយទាំងពីរ

រកបានឲ្យឆី

ទើបបានបាត់មាត់។

  

ទោះកាន់ការធ្វើឲ្យស្ទាត់

ហូលគោមគាតកាត់

អន្ទងត្បាញទៅ។

  

កុំទុកក្នុងស្មុកស្មាញនៅ

ក្រែងដល់យូរទៅ

ខាតខូចអាសារ។

  

ហៃកូនស្រីស្ងួនមាតា

ចូរចាំរក្សា

កុំភ្លេចស្មារតី។

៣៥

ចូររករៀនយកច្បាប់ស្រ្តី

ឲ្យកោតខ្លាចប្តី

គំដែងក្រឡា។

  

ធ្វើវត្តប្រតិបត្តិសោតណា

ឲ្យនាងរក្សា

ភ្នក់ភ្លើងទាំងបី។

  

ឲ្យកាន់ឲ្យគង់ប្រក្រដី

សព្វថ្ងៃកុំបី

ភ្លេចផ្លុំឲ្យឆេះ។

  

ក្រែងរាលដូចដាលព្រាយប្រេះ

កើតក្តៅរលេះ

រលាយអស់អង្គ។

  

ភ្លើងក្តៅកុំនាំទៅក្នុង

ឲ្យឆេះបំផ្លុង

រឹងផ្លុំបង្កាត់ ។

៤០

ភ្លើងក្នុងមិនប្រុងប្រយ័ត្ន

នាំមកបង្កាត់

ឲ្យឆេះឯក្រៅ។

  

អុជអាលបណ្តាលឲ្យក្តៅ

ដាលដល់កូនចៅ

អសោចអប្រិយ។

  

ឲ្យនាងខំប្រុងស្មាតី

មើលភ្លើងទាំងបី

រក្សាឲ្យគង់។

  

ភ្លើងនោះឲ្យគុណពុំលង់

នឹងឲ្យឧត្តង្គ

ឧត្តមកន្លង។

  

កើតយសរបស់ទ្រព្យផង

បរិបូណ៌ឥតហ្មង

ប្រសើរក្តាត់ណា។

៤៥

ភ្លើងមួយនោះឲ្យរក្សា

គឺគុណមាតា

បិតាស្ងួនគ្រង។

  

ឲ្យនាងធ្វើដោយគន្លង

ប្រណិបតន៍ខុសឆ្គង

នឹងម្តាយឪពុក។

  

ឲ្យខំថែទាំញ៉ិកញ៉ុក

ចំណីចំណុក

ចំណង់អាត្មា។

  

កុំឃ្លានទុកឆីឡើយណា

ឆ្ងាញ់ឈ្ថុយពិសា

ជូនជាប្រក្រតី។

  

ពាក្យពេចន៍កិច្ចការអ្វីៗ

អត់ឱនកុំបី

ឲ្យអាក់ចិន្តា។

៥០

ភ្លើងមួយគំដែងក្រលា

គឺប្តីអាត្មា

ឋិតថេររួមរ័ក្ស។

  

ឲ្យនាងប្រណិបតន៍ជៀកជាក់

កុំធ្វើឲ្យអាក់

ឲ្យអន់ចិត្តប្តី។

  

អត់ឱនខ្លាចខ្លួនជាស្រី

កុំឲ្យស្រដី

ទុកគេជាស្មើរ។

  

ទោះកើតហេតុភេទសារពើ

ពាក្យពុំប្រសើរ

ជញ្ជឹងចាំស្តាប់។

  

ទោះបី្តស្រដីពុំគាប់

ពុំគួរឲ្យប្រាប់

បានដឹងដល់ម្តាយ។

៥៥

កើតខឹងរែងរឹងខ្ចរខ្ចាយ

លឺពាក្យពីម្តាយ

ខ្សឹបខ្សៀវប្រាប់ប្តី។

  

មិនក្សាន្តបែកបានពីរបី

កើតជាសំដី

សួរចុះសួរឡើង។

  

ពុំស្ងាត់ស្ងៀមមាត់ចចើង

ជជែកនាំឡើង

ចចើងមិនបាត់។

  

តតាំងពាក្យខ្លាំងមិនស្ងាត់

មិនស្ងៀមឲ្យបាត់

ឲ្យបានទីសុខ។

  

ជជែកស្ទើរបែកទាំងស្រុក

មិនមានហៅសុខ

យូរលង់ឡើយនៃ។

៦០

នេះហៅភ្នក់ភ្លើងទាំងបី

ម្តាយផ្តាំកូនស្រី

ឲ្យខំរក្សា។

  

នាងអើយគំដែងក្រលា

ខុសឆ្គងម្តេចម្តា

ម្តាយផ្តាំកូនស្រី។

  

ឲ្យអត់សង្កត់ហរិទ័យ

កូនកុំស្រដី

ដើមប្តីកំបាំង។

  

កុំជេរកុំចេញជាខ្លាំង

ខ្សត់ខ្សោយខ្លៅខ្លាំង

នាងកុំមើលងាយ។

  

ល្ងង់ខ្សោយប្រើឲ្យនិយាយ

ណែនាំលេងលាយ

ឲ្យស្រួលវាចា។

៦៥

ទោះប្ដីស្រដីម្តេចម្តា

ខេខឹងជេរថា

បោះពាក្យទំងន់។

  

ក្រោធក្រេវឆុលឆេវមិនអន់

មិនអាក់ស្រាកស្រន់

ដោយចិត្តគ្នាន់ក្នាញ់។

  

រអ៊ូរទាំទន្ទេញ

ជេរថាជន្លេញ

ត្បិតទាស់នឹងចិត្ត។

  

ឲ្យកូនស្រីស្ងួនខំអត់

ឲ្យបានរលត់

រលាយកំហឹង។

  

កុំកូនកាន់ខ្លួនប្រែប្រឹង

តតបទៅនឹង

អ្នកជាស្វាមី។

៧០

ខេខឹងក្រញឹងសំដី

មិនគិតខ្លួនស្រី

ស្រដីទ្រគោះ។

  

ប្រកែកស្តីពាក្យគំរោះ

គំរាបបញ្ឆោះ

បញ្ជោរឲ្យខឹង។

  

រឹងរូសមើលមុខសំលឹង

សំលាក់ទោរឹង

ចចើងចង់ឈ្លោះ។

  

រឹងឆ្លងឆ្លើយពាក្យបញ្ឆោះ

បំបែកជាឈ្លោះ

បំបែរពុំទៀង។

  

ជេរថាឆ្កែឆ្មាបំព្រៀង

ដៀលត្មះបញ្ឆៀង

បញ្ឈឺចិតប្តី។

៧៥

បោះបោកប្រទះអ្វីៗ

ចាប់ចោលទៅដី

បែកបាក់ពុំគិត។

  

មិនស្រួលទទួលបំបាត់

ម្នះម្នេញក្នុងចិត្ត

ឲ្យបានប្តីចាញ់។

  

ទើបបានសុខចិត្តជាវិញ

ហៅស្រីម្នះម្នេញ

អាប់កេរ្តិ៍យសឆ្ងាយ។

  

ហៃកូនស្រីស្ងួនមាសម្តាយ

ខុសណាស់នាងអាយ

កុំធ្វើដូចគេ។

  

ទោះបីបើប្តីនាងជេរ

នាងចូលទៅឯ

ដំនេកគិតសិន។

៨០

ចេញមកនាងយកពាក្យទន់

ស្រដីឲ្យអន់

ស្រាយទោសនោះទៅ

  

ទោះបីបើប្តីប្រដៅ

ចូរនាងចាំនៅ

ទុកក្នុងអាត្មា។

  

ពាក្យពេចន៍កុំភ្លេចឡើយណា

ក្រែងឆ្លងម្តេចម្តា

ត្បិតបានផ្តាំស្រាប់។

  

ព្រោះឯងមិនក្រែងមិនស្តាប់

ពាក្យគេបង្គាប់

បង្កើតតែឈ្លោះ។

  

ឥតសុខអាក្រក់តែឈ្មោះ

លឺតែប្រឈ្លោះ

មិនចេះហៅល្ហែ។

៨៥

នេះពុំរាប់ជាស្រីទេ

ជាអ្នកប៉ោឡែ

ចិត្តចោរដកទង។

  

ឲ្យមាត់បង្រ្គបប្តីផង

ឲ្យគេស្តាប់ហោង

ថាឯងគ្រាន់បើ។

  

គឺមោះនាងនោះមិនប្រើ

មិនបើកឲ្យដើរ

បញ្ចើឲ្យទេ។

  

ទោះបីប្តីប្រើមាសមេ

កុំកូនចំអែរ

ចំអៀកមិនទៅ។

  

ឆ្ងាយជិតកុំគិតរង់នៅ

ក្រោកក្រេសដើរទៅ

កុំឲ្យប្តីជេរ។

៩០

កុំទៅនៅយូរផ្ទះគេ

រវល់ទំនេរ

រវៀសមកណា៎។

  

ហៃកូនខ្លឹមខ្លួនមាតា

ជាស្រីនេះណា៎

កម្រណាស់នាង។

  

មិនថាត្បិតល្អរូបរាង

មិនរើសត្បិតជាង

ចេះការទាំងគ្រប់។

  

មិនបានស្គាល់ទីគោរព

ស្គាល់តែឧទ្រព

ទាំងដប់ប្រការ។

  

ហៅតែនឹងល្អរូបា

ពិតហើយចេះការ

គួរកោតដោយយ៉ាង។

៩៥

មួយល្អរូបសសន្លាង

ឥតគេផ្ទឹមខាង

ច្បាប់ផងមិនចេះ។

  

ល្អពិតគំនិតមិនផេះ

ទោះខ្មៅក្រងេះ

ការសោតសមគួរ។

  

គឺមោះនាងនោះមិនជួ

ចេះដឹងសមគួរ

ស្គាល់អស់អិរិយា។

  

នេះឯងពីព្រេងលោកថា

ហៅល្អរូបា

កបកល្យាណី។

  

ហៃកូនស្រីស្ងួនពិសី

ម្តាយប្រាប់អំពី

ឧទ្រពចង្រៃ។

១០០

កាន់ក្បាលប្តីហើយរកចៃ

មិនបានលើកដៃ

បិទទូលសំពះ។

  

លោកទុកស្មើកុកទំផ្ទះ

រង្គំរង្គះ

នឹងបង់អស់ទ្រព្យ។

  

កន្លងជើងប្តីពុំគាប់

ព្រោះចិត្តចង់ឆាប់

រំលងជើងប្តី។

  

ស្មើសត្វរលកខ្មោចខ្មី

ហើរច្រាលអប្រិយ

កើតព្យាធិ៍រោគា។

  

ចង្រៃមួយនៃរាល់គ្នា

ចេញចូលមាត់ទ្វារ

ពុំបានបិទបាំង។

១០៥

ធ្វេសប្រាណខុសខានមិនរាំង

មិនរុញបំបាំង

មើលយល់សាយសុស

  

ទុកស្មើគេអុជចន្លុះ

ឲ្យចោរចូលចុះ

យកទ្រព្យទាំងឡាយ។

  

ស្រីមួយសើចលេងក្អាកក្អាយ

លឺលេចចំងាយ

រំលងផ្ទះបី។

  

ស្មើសត្វចចាតបក្សី

ចូលភូមិផងក្តី

ចង្រៃក្តាត់ណា៎។

  

ស្រីមួយដេកដាក់កាយា

ប្រះប្រែអាត្មា

ឲ្យខ្នងទៅប្តី។

១១០

ទុកស្មើពស់ក្រាយអប្រិយ

ឡើងផ្ទះឥតបី

ឥតបើគណនា។

  

ចង្រៃកើតក្រៃពុំជា

នឹងព្រាត់ប្រាស់គ្នា

ពុំបានវែងឆ្ងាយ។

  

ស្រីមួយសក់វែងអន្លាយ

រំសុសរំសាយ

សក់សោតរេរា។

  

នៅមាត់អណ្តូងមាត់ទ្វារ

បីដូចមជ្ជរា

ឆ្មាលាក់ក្រចក។

  

ចង្រៃឥតបីបើរក

រេរាសំកក

មិនចុកសក់ងាយ។

១១៥

ស្រីមួយដើរលេងទាត់ជាយ

លឺលាន់ស្ទើរធ្លាយ

ប្រថពីសន្លឹក។

  

សំពត់ដាច់ដាចមិននឹក

ដើរលឺគគឹក

ស្មើសូររន្ទះ។

  

ញ៉ាំញ៉ើដំណើររលះ

ដាក់ជើងលើផ្ទះ

គគ្រាំគគ្រេង។

  

កក្រើកផ្ទះទាំងបីល្វែង

ដូចកលគេសែង

របស់ចេញទៅ។

  

ស្រីមួយឃើញទ្រព្យនៅផ្លូវ

កន្លងហួសទៅ

មិនចាប់ចេញទុក។

១២០

ពុំចេរចំណេរទៅមុខ

ពុំចេះដាក់ទុក

រាយរាល់តែល្វែង។

  

ទ្រព្យនោះរលោះចេញឯង

ចង្រៃទាស់ទែង

ធ្វើឲ្យអន្តរាយ។

  

ទោះឆីចំណីនូវបាយ

លបលូកកកាយ

ពមពុំសណ្តាប់។

  

កូនអើយនេះហើយចូរស្តាប់

ហៅក្តីឧទ្រព

ទាំងដប់ប្រការ។

  

ឲ្យចៀសអស់ទាំងនេះណា

ឲ្យរៀនលក្ខណា

ទាំងប្រាំពីរផង។

១២៥

គឺព្រះមានបុណ្យកន្លង

ទេសនាចែងចង

ជាបទគាថា។

  

មួយមាតុមួយមិត្តភរិយា

ភាតុភរិយាជា

ទាសភរិយាផង។

  

ទាំងបួនប្រសើរឥតហ្មង

គួរឲ្យចាំចង

ទុកក្នុងអាតា្ម។

  

រីឯហៅមាតុភរិយា

ប្រពន្ធនោះជា

លោកទុកស្មើម្តាយ។

  

ចរិតបីប្រការក្នុងកាយ

មួយចង់ខ្វល់ខ្វាយ

ប្រយោជន៏ឲ្យប្តី។

១៣០

បានថ្កើងរុងរឿងលឺល្បី

មិនឲ្យអាប់ប្ដី

ឲ្យបានសក្ដិយស។

  

មួយបើប្ដីស្លៀកពាក់ចាស់

យកថ្មីឲ្យផ្លាស់

ចាស់ស្លៀកខ្លួនឯង។

  

ចេះរៀបរន្ដាប់តាក់តែង

ចំណីផងស្វែង

រកមកឲ្យប្ដី

  

មួយបើប្តីឈឺថ្កាត់អ្វី

ព្រួយប្រឹងមើលប្តី

រកថ្នាំសង្កូវ។

  

រកពេទ្យមេមត់នូវគ្រូ

គ្រោះយាមគន់គូរ

មើលប្តីឲ្យជា។

១៣៥

រីឯហៅភាតុភរិយា

ប្រសើរសោភា

ប្រពន្ធស្មើបង។

  

នោះមានចំរិតពីរផង

ដូចប្អូននិងបង

ចិត្តមូលមួយប្រាណ។

  

មួយធ្វើឲ្យប្តីក្សេមក្សាន្ត

របស់ប្តីបាន

ចេះទុករក្សា។

  

មួយទោះលឺពាក្យអ្នកណា

គេតិះដៀលថា

ស្រដីពីប្តី។

  

ពុំត្រូវអាស្រូវអប្រិយ

ចេះការកេរប្តី

បែរបានជាសុខ។

១៤០

ទោះបីបើប្តីមានទុក្ខ

គិតឲ្យបានសុខ

យកខ្លួនធានា។

  

មួយសោតឯមិត្តភរិយា

មានចរិតជា

បីប្រការមិញ។

  

បីដូចកលមិត្តសំលាញ់

មានចិត្តអស់អញ

មិនឲ្យមានហ្មង។

  

បីដូចកលប្អូននិងបង

ប្រាសយូរលង់ហោង

ទើបមកជួបគ្នា។

  

មានចិត្តប្រតិព័ទ្ធមហិមា

ត្បិតបានជួបគ្នា

មិនឲ្យមានហ្មង។

១៤៥

មួយមានមារយាទកន្លង

ទោះឃើញប្រុសផង

មិនល្អៀងចិត្តទៅ។

  

រីទាសភរិយានោះកូវ

ក្នុងមាត្រាត្រូវ

ប្រពន្ធខ្ញុំប្តី។

  

ចរិតប្រាំបីប្រការខ្មី

មួយចិត្តខ្លាចប្តី

ក្រែងប្តីវាយជេរ។

  

ប្រុងចិត្តការគិតខ្មាសគេ

មិនឲ្យប្តីជេរ

បន្ទោសខ្លួនបាន។

  

ទោះប្តីខឹងក្រៃប៉ុន្មាន

មិនចេះហៅហាន

ឆ្លើយឈ្លោះតមាត់។

១៥០

មួយទោះប្តីនោះកាចក្តាច់

ខឹងដល់វាយវាត់

ជេរចោរដកទង។

  

មិនហ៊ានឆ្លើយឈ្លោះរំលង

តតបទៅផង

ក្រែងលឺកេរឆ្ងាយ។

  

មួយចេះប្រដាប់រៀបបាយ

ប្តីដើរជិតឆ្ងាយ

មិនហ៊ានបរិភោគ។

  

អត់ចាំទំរាំប្តីមក

ជួបជុំទើបយក

បរិភោគផងគ្នា។

  

នេះឯងហៅទោសភរិយា

សម្តេចភគវា

ទេសនាប្រោសប្រាប់។

១៥៥

បើអស់ស្រីណាបានស្តាប់

យកទុកជាច្បាប់

ក្នុងប្រាណសព្វថ្ងៃ។

  

លុះអស់អាយុក្សិណក្ស័យ

បានទៅកើតអៃ

តុសិតសួគ៌នាយ។

  

នឹងបានក្សេមក្សាន្តពណរាយ

សេពសុខសប្បាយ

និរទុក្ខកាយា។

  

រីឯប្រពន្ធពុំជា

ពេជ្ឈឃាតភរិយា

ចរិតមានបួន។

  

កុំឲ្យយកទុកក្នុងខ្លួន

ឲ្យចៀសចេញជួន

កើតកម្មវេរា។

១៦០

មួយគិតគំនិតចងជា

ឆ្លាស់ឆ្លើយបំពារ

បំពានឲ្យប្តី។

  

ប្រទូសរឹងរូសខ្ញូវខ្ជី

មិនចេះចាញ់ប្តី

ថាឯងគ្រាន់បើ។

  

ឆ្លើយឆ្លងសូរសងបណ្តើរ

ចង់ឈ្លោះឲ្យស្មើ

ឲ្យលើសប្តីវិញ។

  

មួយមិនចង់ធ្វើបំពេញ

បង្គាប់ប្តីវិញ

ឲ្យថ្កើងខ្លួនឯង។

  

អាងចេះដៀលតិះពុំក្រែង

ឲ្យប្តីស្តាប់ឯង

ដោយចិត្តអន្ធពាល។

១៦៥

មួយមានចិត្តនោះស្រើបស្រាល

ចង់ត្រេកត្រអាល

ចោរពេញមុខប្តី។

  

មួយចិត្តទ្រឹស្តទ្រុស្តអប្រិយ

ចង់សំលាប់ប្តី

ស្រលាញ់ប្រុសទៀត។

  

គិតកាប់សំលាប់បង់សៀត

នឹងយកប្រុសទៀត

ធ្វើប្តីមរណា។

  

រីឯសត្រូវភរិយា

ចរិតពុំជា

ប្រាំពីរប្រការ។

  

មួយមិនខ្លាចប្តីអាត្មា

បង្គាប់ត្រង់ណា

ពុំធ្វើតាមចិត្ត។

១៧០

មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់

ប្តីសួរបីមាត់

ពុំស្រដីផង។

  

មួយប្តីស្រដីគន្លង

ប្រដៅច្បាប់ផង

ពុំចូលចិត្តស្តាប់។

  

មួយមិនចង់ឲ្យប្តីគាប់

មិនចង់ប្រដាប់

ឲ្យប្តីថ្កុំថ្កើង។

  

មួយទោះនឹងស្រដីឡើង

ពាក្យធំចចើង

ចចេសនឹងប្តី។

  

មួយទោះប្តីលោះខ្ញុំស្រី

វាបំរើប្តី

មិនឲ្យអាក់អន់។

១៧៥

ឃើញគាប់រឹងស្អប់ខ្នាញ់គ្នាន់

ក្នុងចិត្តប្រចណ្ឌ

ជេរថានាយអាយ។

  

មួយត្បិតប្តីមានសហាយ

ហួរហែកសុសសាយ

ឲ្យប្តីអាស្រូវ។

  

រីចោរភរិយានោះកូវ

ចរិតពុំត្រូវ

មានបីប្រការ។

  

មួយចង់ចាយទ្រព្យប្តីណា

ឲ្យខូចអាសារ

មិនគង់ជាល្អ។

  

មួយប្តីឃ្មាតឃ្មីខំរក

របស់បានមក

មិនថែទាំទុក។

១៨០

លួចឲ្យទៅម្តាយឪពុក

ប្តីសួររកមុខ

មិនប្រាប់ឡើយណា។

  

មួយខ្ជិលមិនចង់ធ្វើការ

កុហកមុសា

ថាឯងរវល់។

  

ដេកលេងចំខែងអស់កល

លុះប្តីគេយល់

ពុតធ្វើជាឈឺ។

  

ទទូរដេកថ្ងូរហ៊ឺៗ

ប្តីហៅមិនលឺ

ពុតចង់តែស្លាប់។

  

នេះហៅប្រពន្ធពុំគាប់

ស្រីណាកាន់ខ្ជាប់

ពុំដែលរសាយ។

១៨៥

លុះអស់អាយុក្ល័បក្លាយ

ធ្លាក់ទៅអបាយ

ទាំងបួនចំពួក។

  

តែងនឹងរងទុក្ខរងសោក

រំដោះរួចមក

កើតជាមនុស្សខ្ទើយ។

  

ហេតុអកុសលនេះហើយ

ត្បិតខ្លួនឥតត្រើយ

ធ្វើខុសគន្លង។

  

ខុសវត្តប្រតិបត្តិឆ្គាំងឆ្គង

មិនរៀនមិនរង

ខុសនឹងច្បាប់ស្រី។

  

មាក់ងាយនោះមានប្រាំបី

មានក្នុងបាលី

ព្រះធម៌លោកថា។

១៩០

មាក់ងាយមួយនោះឯងណា

ត្បិតប្តីពិការ

មិនបានមាំមួន។

  

ខឹងស្អប់ធុញថប់មិនទ្រាំ

មិនមានរកថ្នាំ

គ្រូគ្រោះមេមត់។

  

មើលប្តីឲ្យជាឆាប់ឆុត

ខឹងវិញមិនអត់

បន់ឲ្យប្តីស្លាប់។

  

មាក់ងាយមួយប្តីខ្សត់ទ្រព្យ

គ្មានកេរ្តិ៍កោះគាប់

ស្មើនឹងអាត្មា។

  

ដៀលត្មះថាច្រាសដោយសារ

ព្រោះខ្ជិលធ្វើការ

ទើបគ្មានរបស់។

១៩៥

មាក់ងាយត្បិតប្តីអ័ប្បយស

ឯងត្រកូលខ្ពស់

 ពូជពង្សពុំស្មើ។

  

ឆ្មើងខ្លួនឲ្យប្តីបំរើ

ឈ្លោះឡើងហើយដើរ

ដៀលត្មះពូជពង្ស។

  

មាក់ងាយមួយត្បិតប្តីល្ងង់

ខ្លៅខ្លួនទ្រមង់

ទ្រមក់យឺតយូរ។

  

ដៀលត្មះពុំចេះអាសូរ

សំដីខ្មោះខ្មូរ

មិនក្រែងប៉ុនសក់។

  

មាក់ងាយមួយប្តីអាក្រក់

សាច់ខ្មៅប៉ប៉ក់

មុខអុតស៊ីសុស។

២០០

កន្ទ្រលរោងរលក្រអុះ

សក់ស្គាញស្កូវសុស

ពោះធំកំពាង។

  

ខ្លួនឯងចិញ្ចែងរូបរាង

ខ្លួនសល្អជាង

ថាប្តីមិនសម។

  

មាក់ងាយមួយប្តីមិនខំ

ធ្វើការលេលាំ

ឡឡែដើរលេង។

  

ឆ្លៀតឆ្លើយបោះពាក្យគគ្រេង

ឈ្លោះជេរមិនឈ្វេង

គិតខុសមាត្រា។

  

មាក់ងាយមួយប្តីផឹកស្រា

ស្រវឹងចោលការ

ដើលេងតែលតោល។

២០៥

ពាក្យក្អេងរាំច្រៀងឡោៗ

ឲ្យឆ្កែព្រុសឆោ

ផ្អើលភ្ញាក់កូនចៅ។

  

លឺមាត់ប្តីហើយខឹងក្តៅ

ប្រទេចជេរទៅ

តាមដោយចិត្តខ្នាញ់។

  

មាក់ងាយមួយទៀតនោះមិញ

ត្បិតប្តីស្រលាញ់

លលូកប្រលែង។

  

មួលបិចចាក់ចុចជាល្បែង

មិនមានកោតក្រែង

បានចិត្តជេរវិញ។

  

ត្បិតតែយល់គេស្រលាញ់

ស្រដីផងមិញ

គំរោះគំរើយ។

២១០

ធ្វើខ្នាញ់បែរចេញព្រងើយ

គេនឹងកន្តើយ

ក្និចក្នក់មាយា។

  

ពុំបានក្សេមក្សាន្តនឹងគ្នា

មាក់ងាយនេះជា

គំរប់ប្រាំបី។

  

កូនអើយនេះហើយច្បាប់ស្រី

ឲ្យកូនពិសី

រករៀនរក្សា។

  

យកទុកក្នុងអង្គអាតា្ម

ប្រសើរក្តាត់ណា

កើតសុខសួស្តី។

  

ប្រសើរទាំងនាលោកិយ

ទោះបរលោកក្តី

សឹងលុះប្រាថ្នា ។

២១៥

ទោះចិត្តគន់គិតសច្ចា

ជាពុទ្ធមាតា

សឹងបានបរិបូណ៌។

  

ដូចចិត្តឆាប់ឆុតពុំយូរ

កបកើតសម្បូរ

សម្បត្តិទ្រព្យផង។

  

កើតយសខ្ពង់ខ្ពស់កន្លង

យឺនយូរឥតហ្មង

ដូចក្តីប្រាថ្នា ។

  

ច្បាប់នេះឧត្តមថ្លៃថ្លា

ទោះស្រីឯណា

លឺហើយមានភ័ព្វ។

  

ជាល្អកម្របានស្តាប់

ស្តាប់ហើយចូរចាប់

ចូរចាំគ្រប់គ្នា ។

២២០

បានដល់មគ្គផលសួគ៌ា

ប្រសើរសោភា

ចូរចាំកុំភ្លេច ។

  

ចរចាអស់អាថិពាក្យពេចន៍

ពាក្យពិតកាព្យកិច្ច

បរិបូណ៌ប្រពៃ។

  

ប្រាជ្ញប្រែរីឯនាមនៃ

ខ្ញុំឈ្មោះម៉ឺន-មៃ

មែនមានសទ្ធា ។

  

មានចិត្តកួចគិតកាព្យា

កបកើតជ្រះថ្លា

ត្រេកត្រង់កុសល។

  

សច្ចាប្រាថ្នាមគ្គផល

ផុលផុសយោបល់

លេចលើកទុកទៅ។

២២៥

ទោះបីសេចក្តីខុសត្រូវ

សូមទានតំរូវ

តំរង់ឲ្យផង ។

  

កុំត្មះតិះដៀលឡើយហោង

សូមសាងផលផង

ទុកតសាសនា ។

  

សំរាប់ជាច្បាប់មាត្រា

សូរេចបការា

បរិបូណ៌ចែងចប់។៚

    
  

«ចប់»