{៧៧} គ្រានោះព្រះអានន្ទដ៏មានអាយុ
ចូលទៅគាល់ព្រះដ៏មានព្រះភាគ
លុះចូលទៅដល់ហើយ
ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ
ហើយអង្គុយក្នុងទីសមគួរ ។
លុះព្រះអានន្ទដ៏មានអាយុ
អង្គុយក្នុងទីសមគួរហើយ <៣០០>
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា
ម្នាលអានន្ទ អ្នកទាំងឡាយ
គប្បីអនុគ្រោះអ្នកណា
ឬថា ពួកជនណាដែលជាមិត្រក្ដី
អាមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី
គប្បីសំគាល់នូវពាក្យដែលត្រូវស្ដាប់
ម្នាលអានន្ទ ជនទាំងនោះ
អ្នកទាំងឡាយ គួរណែនាំ គួរឲ្យនៅ
គួរឲ្យតាំងនៅក្នុងឋានៈ៣ យ៉ាង ។
ឋានៈ៣ យ៉ាងនេះ តើដូចម្ដេច ។
គឺគួរណែរនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ
ក្នុងសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា
ព្រះដ៏មានព្រះភាគអង្គនោះ
ជាអរហន្តសម្មាសម្ពុទ្ធ
បរិបូណ៌ដោយវិជ្ជានឹងចរណៈ
ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក
ប្រសើរដោយសីលាទិគុណ
រកបុគ្គលណាមួយស្មើគ្មាន
ជាសារថីទូន្មាននូវបុរស
ជាគ្រូនៃទេវតា នឹងមនុស្សទាំងឡាយ
ទ្រង់ត្រាស់ដឹងនូវអរិយសច្ច៤
ទ្រង់ខ្ជាក់ចោលនូវត្រៃភព
លែងវិលត្រឡប់មកកើតទៀត១
គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ
ក្នុងសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា
ធម៌ព្រះដ៏មានព្រះភាគ
ទ្រង់សំដែងហើយដោយប្រពៃ
ជាធម៌ដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង
ឲ្យនូវផលមិនរង់ចាំកាល
គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបាន
គួរបង្អោនចូលមកទុកក្នុងខ្លួន <៣០១>
អ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន១
គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ
ក្នុងសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា
ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ
ប្រតិបត្តិដោយប្រពៃ
ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ
ប្រតិបត្តិដោយត្រង់
ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ
ប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វាន
ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ
ប្រតិបត្តិគួរដល់សាមីចិកម្ម
ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគនុ៎ះ
រាប់ជាគួរនៃបុរសមាន៤ គូ
បើរាប់រៀងជាបុរសបុគ្គលមាន៨ ពួក
លោកគួរទទួលនូវទក្ខិណាទាន
គួរដល់អញ្ជលិកម្ម
ជាបុញ្ញក្ខេត្តរបស់សត្វលោកដ៏ប្រសើរបំផុត ។
ម្នាលអានន្ទ សេចក្ដីប្រែប្រួល
មានចំពោះ តែមហាភូតរូប៤
គឺបឋវីធាតុ អាបោធាតុ
តេជោធាតុ វាយោធាតុ
ឯសេចក្ដីប្រែប្រួលរបស់អរិយសាវក
ដែលប្រកបដោយសេចក្ដីជ្រះថ្លា
មិនកម្រើក ក្នុងព្រះពុទ្ធ មិនមានសោះឡើយ ។
នេះជាសេចក្ដីប្រែប្រួលក្នុងហេតុនោះ។
ម្នាលអានន្ទ ពាក្យថា
អរិយសាវកនោះ
ប្រកបដោយសេចក្ដីជ្រះថ្លា
មិនកម្រើក ក្នុងព្រះពុទ្ធហើយ
មុខជានឹងទៅកើតក្នុងនរកក្ដី
កំណើតតិរច្ឆានក្ដី ប្រេតវិស័យក្ដី
ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ <៣០២>
ម្នាលអានន្ទសេចក្ដីប្រែប្រួល
មានចំពោះតែមហាភូតរូប៤
គឺបឋវីធាតុ អាបេាធាតុ
តេជោធាតុ វាយោធាតុ
ឯសេចក្ដីប្រែប្រួល ។បេ។
ក្នុងព្រះធម៌មិនគប្បីមានឡើយ
សេចក្ដីប្រែប្រួលមិនមានដល់អរិយសាវក
ដែលប្រកបដោយសេចក្ដីជ្រះថ្លា
មិនកម្រើក ក្នុងព្រះសង្ឃ សោះទេ ។
នេះជាសេចក្ដីប្រែប្រួលក្នុងហេតុនោះ ។
ម្នាលអានន្ទ ពាក្យថា
អរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លា
មិនកម្រើកក្នុងព្រះសង្ឃនោះ
មុខជានឹងទៅកើតក្នុងនរកក្ដី
កំណើតតិរច្ឆានក្ដី ប្រេតវិស័យក្ដី ដូច្នេះនុ៎ះ
មិនមែនជាឋានៈទេ ។
ម្នាលអានន្ទ អ្នកទាំងឡាយ
គប្បីអនុគ្រោះអ្នកណា
ឬថា អ្នកណាជាមិត្រក្ដី អាមាត្យក្ដី
ញាតិក្ដី សាលោហិតក្ដី
គប្បីសំគាល់នូវពាក្យដែលត្រូវស្ដាប់
ម្នាលអានន្ទ ជនទាំងនោះ
អ្នកទាំងឡាយ គួរណែនាំ
គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងឋានៈ៣ យ៉ាងនេះ ។
បិដក ភាគ៤១ ទំព័រ៣០០ ដល់៣០៣
