គួរណែនាំគេ ឲ្យតាំង​នៅក្នុង​ឋានៈ៣ យ៉ាង

{៧៧} គ្រានោះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ
ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ​
លុះ​ចូល​ទៅ​ដល់​ហើយ
ក៏​ក្រាប​ថ្វាយ​បង្គំព្រះដ៏​មាន​ព្រះភាគ​
ហើយអង្គុយ​ក្នុង​ទីសម​គួរ​ ។

លុះព្រះ​អានន្ទ​ដ៏​មាន​អាយុ
អង្គុយ​ក្នុង​ទី​សមគួរ​ហើយ <៣០០>

ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សួរ​ដូច្នេះថា

ម្នាល​អានន្ទ អ្នកទាំង​ឡាយ
គប្បី​អនុ​គ្រោះ​អ្នក​ណា
ឬថា ពួក​ជន​ណា​ដែល​ជាមិត្រ​ក្ដី​
អាមាត្យ​ក្ដី ញាតិក្ដី សាលោ​ហិតក្ដី
គប្បី​សំគាល់​នូវ​ពាក្យ​ដែល​ត្រូវ​ស្ដាប់

ម្នាល​អានន្ទ ជន​ទាំងនោះ
អ្នក​ទាំង​ឡាយ គួរ​ណែនាំ គួរ​ឲ្យនៅ
គួរ​ឲ្យតាំង​នៅក្នុង​ឋានៈ៣ យ៉ាង​ ។

ឋានៈ៣ យ៉ាង​នេះ តើដូចម្ដេច ។

គឺគួរ​ណែរ​នាំ គួរ​ឲ្យនៅ​ គួរ​ឲ្យតាំង​នៅ
ក្នុង​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក ក្នុង​ព្រះពុទ្ធថា
ព្រះ​ដ៏​មាន​ព្រះភាគ​អង្គនោះ
ជា​អរហន្តសម្មា​សម្ពុទ្ធ
បរិបូណ៌​ដោយវិជ្ជា​នឹង​ចរណៈ
ជាព្រះសុគត ជ្រាប​ច្បាស់​នូវ​ត្រៃលោក
ប្រសើរ​ដោយសីលា​ទិគុណ
រក​បុគ្គល​ណាមួយ​ស្មើគ្មាន
ជាសារ​ថី​ទូន្មាន​នូវ​បុរស
ជាគ្រូនៃ​ទេវតា នឹង​មនុស្ស​ទាំង​ឡាយ
ទ្រង់​ត្រាស់​ដឹង​នូវ​អរិយសច្ច​៤
ទ្រង់ខ្ជាក់​ចោល​នូវ​ត្រៃ​ភព
លែង​វិល​ត្រឡប់​មក​កើត​ទៀត​១

គួរ​ណែនាំ គួរ​​ឲ្យនៅ គួរ​ឲ្យតាំងនៅ
ក្នុង​សេចក្ដី​ជ្រះថ្លាមិន​កម្រើក ក្នុង​ព្រះ​ធម៌ថា
ធម៌​ព្រះដ៏​មាន​ព្រះភាគ
ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ
ជាធម៌​ដែលបុគ្គល​គប្បី​ឃើញច្បាស់​ដោយ​ខ្លួន​ឯង
ឲ្យនូវ​ផល​មិន​រង់​ចាំកាល​
គួរនឹងហៅបុគ្គល​ដទៃ​ឲ្យចូល​មក​មើល​បាន
គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន <៣០១>
អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់​ចំពោះ​ខ្លួន​១

គួរ​ណែនាំ គួរឲ្យនៅ គួរឲ្យតាំង​នៅ​
ក្នុង​សេចក្ដីជ្រះថ្លាមិនកម្រើក ក្នុង​ព្រះ​សង្ឃថា
ព្រះសង្ឃជាសាវក​នៃ​ព្រះដ៏​មាន​ព្រះភាគ
ប្រតិបត្តិ​ដោយ​ប្រពៃ
ព្រះ​សង្ឃ​ជាសាវក​នៃព្រះដ៏​មាន​ព្រះភាគ​
ប្រតិ​បត្តិ​ដោយ​ត្រង់​
ព្រះសង្ឃ​ជាសាវក​នៃ​ព្រះដ៏​មានព្រះ​ភាគ
ប្រតិ​បត្តិ​ដើម្បី​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន
ព្រះសង្ឃ​ជាសាវក​នៃព្រះដ៏មាន​ព្រះភាគ
ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម
ព្រះសង្ឃ​ជាសាវក​នៃ​ព្រះ​ដ៏មាន​ព្រះ​ភាគនុ៎ះ
រាប់​ជាគួរ​នៃ​បុរស​មាន​៤ គូ
បើ​រាប់​រៀង​ជាបុរស​បុគ្គល​មាន​៨ ពួក​
លោក​គួរ​ទទួល​នូវ​ទក្ខិ​ណា​ទាន
គួរ​ដល់​អញ្ជលិកម្ម
ជាបុញ្ញក្ខេត្ត​របស់​សត្វ​លោក​ដ៏​ប្រសើរ​បំផុត ។

ម្នាល​អានន្ទ សេចក្ដី​ប្រែប្រួល
មាន​ចំពោះ តែ​មហា​ភូត​រូប​៤
គឺបឋវីធាតុ អាបោធាតុ​
តេជោធាតុ វាយោធាតុ
ឯ​សេចក្ដី​ប្រែប្រួល​របស់​អរិយ​សាវក
ដែល​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​
មិនកម្រើក​ ក្នុង​ព្រះពុទ្ធ មិន​មាន​សោះឡើយ ។

នេះ​ជាសេចក្ដី​ប្រែប្រួល​ក្នុងហេតុ​នោះ​។​

ម្នាល​អានន្ទ ពាក្យថា
អរិយ​សាវក​នោះ
ប្រកប​ដោយសេចក្ដី​ជ្រះ​ថ្លា
មិន​កម្រើក ក្នុង​ព្រះ​ពុទ្ធ​ហើយ
មុខ​ជានឹង​ទៅ​កើត​ក្នុង​នរក​ក្ដី
កំណើតតិរច្ឆានក្ដី ប្រេត​វិស័យ​ក្ដី
ដូច្នេះ​នុ៎ះ មិន​មែន​ជា​ឋានៈ​ទេ ។ <៣០២>

ម្នាល​អានន្ទ​​សេចក្ដី​ប្រែប្រួល​
មាន​ចំពោះ​តែ​មហាភូត​រូប​៤
គឺបឋវីធាតុ អាបេាធាតុ
តេជោធាតុ​ វាយោធាតុ
ឯសេចក្ដី​ប្រែ​ប្រួល ។បេ។​
ក្នុង​ព្រះធម៌មិន​គប្បី​មាន​ឡើយ
សេចក្ដីប្រែប្រួល​មិន​មាន​ដល់​​អរិយ​សាវក​
ដែល​ប្រកបដោយ​សេចក្ដីជ្រះ​ថ្លា
មិន​កម្រើក​ ក្នុង​ព្រះសង្ឃ​ សោះទេ ។

នេះ​ជា​សេចក្ដីប្រែប្រួល​ក្នុង​ហេតុ​នោះ ។

ម្នាល​អានន្ទ ពាក្យ​ថា
អរិយ​សាវក​ ដែល​ប្រកបដោ​យសេចក្ដី​ជ្រះ​ថ្លា​
មិន​កម្រើក​ក្នុង​ព្រះសង្ឃនោះ
មុខ​ជានឹង​ទៅកើតក្នុង​នរកក្ដី
កំណើត​តិរច្ឆាន​ក្ដី ប្រេត​វិស័យ​ក្ដី ដូច្នេះ​នុ៎ះ
មិនមែន​ជាឋានៈទេ ។

ម្នាល​អានន្ទ អ្នក​ទាំង​ឡាយ
គប្បី​អនុគ្រោះ​អ្នក​ណា
ឬថា អ្នកណាជាមិត្រក្ដី អាមាត្យក្ដី
ញាតិក្ដី សាលោ​ហិត​ក្ដី
គប្បី​សំគាល់​នូវពាក្យ​ដែល​ត្រូវ​ស្ដាប់​

ម្នាល​អានន្ទ ជនទាំង​នោះ
អ្នក​ទាំង​ឡាយ​ គួរណែនាំ
គួរឲ្យនៅ គួរ​ឲ្យ​តាំង​នៅ ក្នុង​ឋានៈ៣​ យ៉ាងនេះ ។

បិដក ភាគ៤១ ទំព័រ៣០០ ដល់៣០៣

0 comments:

Post a Comment