កូនជាបន្ទុករបស់ឪពុកម្ដាយ ដ្បិតថាកូននៅក្នុងផ្ទៃម្ដាយ មិនមែននៅក្នុងកាយឪពុក តែឪពុកបានទុកកូននៅក្នុងការគិតរបស់លោកជានិច្ច ។
កាលពីមុន កាលពីមិនទាន់មានកូន លោកទាំងពីរក៏មិនសូវជាពិបាកណាស់ណាដែរ មានហូបឬអត់ហូប ក៏ក្រពះធំៗពីមិនទាមទារអ្វីច្រើន ដ្បិតអីរូបលោក គិតថា គាត់វ័យប៉ុណ្ណេះ អត់មួយថ្ងៃក៏បាន ការងារ គាត់ធ្វើឬមិនធ្វើ បានប្រាក់ឬមិនបានប្រាក់ ក៏មិនសូវភ័យព្រួយ ។
តែនៅពេលដែលយើងចាប់ផ្ដើមចូលទៅនៅក្នុងផ្ទះរបស់អ្នកម្ដាយ មិនថាលោកពុកឬអ្នកម៉ែ បានប្រែប្រួលពីភាពព្រងើយកន្តើយ មកជាការយកចិត្តទុកដាក់ ព្រួយបារម្ភឥតល្ហែ ។
ម៉ែ តែងតែនឹកគិត ចង់ហូបនេះហូបនោះ ព្រោះខ្លាចកូនឃ្លាន ខំញ៉ាំ ដើម្បីឱ្យបានដល់កូនដែលនៅក្នុងផ្ទៃ គាត់ភ័យខ្លាចកូនមិនគ្រប់អវយវៈ ខ្លាចកូនមិនធំធាត់ ខ្លាចកូនមិនរឹងប៉ឹង ទើបម្ដាយខំប្រឹងញ៉ាំ ទោះពេលខ្លះ ថ្ងៃខ្លះគាត់ពិបាកនឹងទទួលទានក៏ដោយ ...ដឹងទេ ថាម៉ែពិបាកប៉ុណ្ណា ការដែលមានកូនមកនៅជាមួយ ថ្ងៃណាក៏ជាថ្ងៃព្រួយ ថ្ងៃណាក៏ជាថ្ងៃដែលលោកគិត មិនដែលគិតពីខ្លួនឯង តែបែរជាជួបទុក្ខចម្បែង ដោយសារតែក្មេងតូចម្នាក់ ដែលគាត់មិនទាំងបានឃើញមុខមាត់រូបរាងច្បាស់ទៅវិញ ...តែសួរថា បើមាតាពិបាកយ៉ាងនេះហើយ គាត់ទុកកូនធ្វើអ្វី សំនួរនេះ មានចម្លើយយ៉ាងខ្លីប៉ុណ្ណោះ គឺព្រោះតែក្ដីស្រលាញ់អស់ពីបេះដូង ស្រលាញ់ជាងជាងជីវិតគាត់ទៅទៀត ម្ដាយហ៊ានលះបង់ដល់ទៅជីវិតរបស់គាត់ ដើម្បីជួយឱ្យកូនតូចជាទីស្រលាញ់ បានចេញមកឃើញពិភពលោកដ៏ស្រស់បំព្រងមួយនេះ ... ។ ម៉ែស្ម័គ្រធ្វើជាស្ពានចម្លងកូន តាំងតែពីថ្ងៃដំបូង រហូតដល់គាត់អស់ជន្មា មិនថាឈឺឬជា ក៏ម៉ែនៅតែតស៊ូអំណត់ ដើម្បីកូន ... ។
រីឯលោកឪពុកក៏ដូចគ្នា លោកគឺជាក្បូន សណ្ដោងកូនកាត់ព្យុះមារ លោកជាមគ្គុទេស ដែលចាំត្រួសត្រាយ ចង្អុលបង្ហាញនូវផ្លូវដែលល្អសម្រាប់កូនៗ ទ្រាំអំណត់ តស៊ូ ទាំងត្រដាបត្រដួស ក៏ព្រោះតែកូន ... ពុក តែងតែគិតដល់កូន គាត់ត្រូវសួរខ្លួនឯងរាល់ថ្ងៃ ថាគួរធ្វើអ្វី? រកអ្វី? ដើម្បីឱ្យកូនបានរស់នៅស្រណុកសុខស្រួល លោកពុកមានទំនួលខុសត្រូវខ្ពស់បំផុត ក្នុងការកំណត់ សុភមង្គល នៅក្នុងដំណើរជីវិត សមាជិកគ្រប់គ្នានៅក្នុងគ្រួសារ ជាពិសេស គឺការរស់នៅកូនៗរបស់គាត់ ។
លោកឪពុកអ្នកម្ដាយ គាត់បានចំណាយពេលពេញមួយជីវិត ក្នុងការគិតគូរ ផ្គត់ផ្គង់ ទំនុកបម្រុងដល់កូន ... ពុកម៉ែខ្លាចណាស់ ខ្លាចកូនល្ងង់ខ្លៅ គាត់ខ្លាចណាស់ ខ្លាចកូនលំបាក គាត់ខ្វល់ពីកូន គ្រប់ពេល ខ្វល់ពីការហូបចុក ខ្វល់ពីការរៀនសូត្រ ខ្វល់ពីការសិក្សា ខ្វល់ទាំងជីវិតស្នេហារបស់កូនទៀត ... ។ ឪពុកម្ដាយគិតពីកូន តាំងពីចុងសក់ រហូតដល់បាតជើង ក្នុងចិត្តគាត់ ទោះបានដឹងហើយថាកូនល្អ កូនបានសុខ តែគាត់នៅតែព្រួយ នៅតែបារម្ភ... ។
ដួងចិត្ត ឪពុម្ដាយ ទុកនៅនឹងកូនជានិច្ច រាល់ការស្រលាញ់ រាល់ការអាណិត រាល់ការខិតខំ រាល់ការលះបង់ រាល់ការព្រួយបារម្ភ គាត់ទាំងពីផ្ដល់ឱ្យកូន មិនមែនមានន័យថា គាត់មិនចង់បានអ្វីពីកូននោះទេ តែការចត់បានរបស់គាត់ គឺចង់បានត្រឹមតែ កូនបានរុងរឿងថ្កើងថ្កាន បានសុខសប្បាយ មានអនាគតល្អ បានជួបគូគ្រងល្អ មានមុខរបររកស៊ីល្អគាប់ មានការងារល្អប្រសើរ មានលុយមានឡាន មានបាន ហើយបងប្អូនចេះស្រលាញ់គ្នា ចេះជួយជ្រោមជ្រែងគ្នា ហើយចេះនឹកគិត យកចិត្តទុកដាក់ ថែរក្សា តបស្នង សងគុណដោយភាពកតញ្ញូជាកូនដែលល្អរបស់លោកទាំងទ្វេ ... ។
អ្វីដែលមាតាបិតាត្រូវការ វាមិនច្រើនពេកទេ បើប្រៀបទៅនឹងគុណដ៏ធំធេងរបស់គាត់ដែលមានចំពោះយើងគ្រប់គ្នាជាកូនៗ ។
១. គុណលោកឪពុក ទុកដូចដួងខែ
ចំណែកគុណម៉ែ ដូចព្រះអាទិត្យ
គុណលោកទាំងទ្វេ បុព្វេកម្រិត
ទោះមួយជីវិត កូនសងមិនអស់ ។
២. គុណបុណ្យធំធេង លោកតែងផ្ដល់ឱ្យ
គ្មានចិត្តស្ដាយក្រោយ លោកឱ្យដោយស្មោះ
ព្រោះក្ដីស្រលាញ់ វេញចិត្តសន្ដោស
គុណនៃព្រះរស់ ឈ្មោះថាមហាគុណ ...។
ត្រឹមការរៀបរាប់ប៉ុន្មានបន្ទាត់ហ្នឹង ណិតមិនអាចថ្លឹង និងលាតត្រដាងបង្ហាញនូវមហាគុណដ៏ធំធេងរបស់មាតាបិតាបានឡើយ មិនថាយកអ្វីមកផ្ទឹម ក៏មិនអាចដឹងពីគុណរបស់គាត់ច្បាស់ អ្វីដែលដឹងគឺដឹងថា គុណគាត់ធំធេង វែងអន្លាយ ឆ្ងាសន្លឹម គ្មានអ្វីអាចផ្ទឹមបានទេ

0 comments:
Post a Comment