គួរណែនាំគេ ឲ្យតាំង​នៅក្នុង​ឋានៈ៣ យ៉ាង

{៧៧} គ្រានោះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ
ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ​
លុះ​ចូល​ទៅ​ដល់​ហើយ
ក៏​ក្រាប​ថ្វាយ​បង្គំព្រះដ៏​មាន​ព្រះភាគ​
ហើយអង្គុយ​ក្នុង​ទីសម​គួរ​ ។

លុះព្រះ​អានន្ទ​ដ៏​មាន​អាយុ
អង្គុយ​ក្នុង​ទី​សមគួរ​ហើយ <៣០០>

ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សួរ​ដូច្នេះថា

ម្នាល​អានន្ទ អ្នកទាំង​ឡាយ
គប្បី​អនុ​គ្រោះ​អ្នក​ណា
ឬថា ពួក​ជន​ណា​ដែល​ជាមិត្រ​ក្ដី​
អាមាត្យ​ក្ដី ញាតិក្ដី សាលោ​ហិតក្ដី
គប្បី​សំគាល់​នូវ​ពាក្យ​ដែល​ត្រូវ​ស្ដាប់

ម្នាល​អានន្ទ ជន​ទាំងនោះ
អ្នក​ទាំង​ឡាយ គួរ​ណែនាំ គួរ​ឲ្យនៅ
គួរ​ឲ្យតាំង​នៅក្នុង​ឋានៈ៣ យ៉ាង​ ។

ឋានៈ៣ យ៉ាង​នេះ តើដូចម្ដេច ។

គឺគួរ​ណែរ​នាំ គួរ​ឲ្យនៅ​ គួរ​ឲ្យតាំង​នៅ
ក្នុង​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក ក្នុង​ព្រះពុទ្ធថា
ព្រះ​ដ៏​មាន​ព្រះភាគ​អង្គនោះ
ជា​អរហន្តសម្មា​សម្ពុទ្ធ
បរិបូណ៌​ដោយវិជ្ជា​នឹង​ចរណៈ
ជាព្រះសុគត ជ្រាប​ច្បាស់​នូវ​ត្រៃលោក
ប្រសើរ​ដោយសីលា​ទិគុណ
រក​បុគ្គល​ណាមួយ​ស្មើគ្មាន
ជាសារ​ថី​ទូន្មាន​នូវ​បុរស
ជាគ្រូនៃ​ទេវតា នឹង​មនុស្ស​ទាំង​ឡាយ
ទ្រង់​ត្រាស់​ដឹង​នូវ​អរិយសច្ច​៤
ទ្រង់ខ្ជាក់​ចោល​នូវ​ត្រៃ​ភព
លែង​វិល​ត្រឡប់​មក​កើត​ទៀត​១

គួរ​ណែនាំ គួរ​​ឲ្យនៅ គួរ​ឲ្យតាំងនៅ
ក្នុង​សេចក្ដី​ជ្រះថ្លាមិន​កម្រើក ក្នុង​ព្រះ​ធម៌ថា
ធម៌​ព្រះដ៏​មាន​ព្រះភាគ
ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ
ជាធម៌​ដែលបុគ្គល​គប្បី​ឃើញច្បាស់​ដោយ​ខ្លួន​ឯង
ឲ្យនូវ​ផល​មិន​រង់​ចាំកាល​
គួរនឹងហៅបុគ្គល​ដទៃ​ឲ្យចូល​មក​មើល​បាន
គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន <៣០១>
អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់​ចំពោះ​ខ្លួន​១

គួរ​ណែនាំ គួរឲ្យនៅ គួរឲ្យតាំង​នៅ​
ក្នុង​សេចក្ដីជ្រះថ្លាមិនកម្រើក ក្នុង​ព្រះ​សង្ឃថា
ព្រះសង្ឃជាសាវក​នៃ​ព្រះដ៏​មាន​ព្រះភាគ
ប្រតិបត្តិ​ដោយ​ប្រពៃ
ព្រះ​សង្ឃ​ជាសាវក​នៃព្រះដ៏​មាន​ព្រះភាគ​
ប្រតិ​បត្តិ​ដោយ​ត្រង់​
ព្រះសង្ឃ​ជាសាវក​នៃ​ព្រះដ៏​មានព្រះ​ភាគ
ប្រតិ​បត្តិ​ដើម្បី​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន
ព្រះសង្ឃ​ជាសាវក​នៃព្រះដ៏មាន​ព្រះភាគ
ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម
ព្រះសង្ឃ​ជាសាវក​នៃ​ព្រះ​ដ៏មាន​ព្រះ​ភាគនុ៎ះ
រាប់​ជាគួរ​នៃ​បុរស​មាន​៤ គូ
បើ​រាប់​រៀង​ជាបុរស​បុគ្គល​មាន​៨ ពួក​
លោក​គួរ​ទទួល​នូវ​ទក្ខិ​ណា​ទាន
គួរ​ដល់​អញ្ជលិកម្ម
ជាបុញ្ញក្ខេត្ត​របស់​សត្វ​លោក​ដ៏​ប្រសើរ​បំផុត ។

ម្នាល​អានន្ទ សេចក្ដី​ប្រែប្រួល
មាន​ចំពោះ តែ​មហា​ភូត​រូប​៤
គឺបឋវីធាតុ អាបោធាតុ​
តេជោធាតុ វាយោធាតុ
ឯ​សេចក្ដី​ប្រែប្រួល​របស់​អរិយ​សាវក
ដែល​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​
មិនកម្រើក​ ក្នុង​ព្រះពុទ្ធ មិន​មាន​សោះឡើយ ។

នេះ​ជាសេចក្ដី​ប្រែប្រួល​ក្នុងហេតុ​នោះ​។​

ម្នាល​អានន្ទ ពាក្យថា
អរិយ​សាវក​នោះ
ប្រកប​ដោយសេចក្ដី​ជ្រះ​ថ្លា
មិន​កម្រើក ក្នុង​ព្រះ​ពុទ្ធ​ហើយ
មុខ​ជានឹង​ទៅ​កើត​ក្នុង​នរក​ក្ដី
កំណើតតិរច្ឆានក្ដី ប្រេត​វិស័យ​ក្ដី
ដូច្នេះ​នុ៎ះ មិន​មែន​ជា​ឋានៈ​ទេ ។ <៣០២>

ម្នាល​អានន្ទ​​សេចក្ដី​ប្រែប្រួល​
មាន​ចំពោះ​តែ​មហាភូត​រូប​៤
គឺបឋវីធាតុ អាបេាធាតុ
តេជោធាតុ​ វាយោធាតុ
ឯសេចក្ដី​ប្រែ​ប្រួល ។បេ។​
ក្នុង​ព្រះធម៌មិន​គប្បី​មាន​ឡើយ
សេចក្ដីប្រែប្រួល​មិន​មាន​ដល់​​អរិយ​សាវក​
ដែល​ប្រកបដោយ​សេចក្ដីជ្រះ​ថ្លា
មិន​កម្រើក​ ក្នុង​ព្រះសង្ឃ​ សោះទេ ។

នេះ​ជា​សេចក្ដីប្រែប្រួល​ក្នុង​ហេតុ​នោះ ។

ម្នាល​អានន្ទ ពាក្យ​ថា
អរិយ​សាវក​ ដែល​ប្រកបដោ​យសេចក្ដី​ជ្រះ​ថ្លា​
មិន​កម្រើក​ក្នុង​ព្រះសង្ឃនោះ
មុខ​ជានឹង​ទៅកើតក្នុង​នរកក្ដី
កំណើត​តិរច្ឆាន​ក្ដី ប្រេត​វិស័យ​ក្ដី ដូច្នេះ​នុ៎ះ
មិនមែន​ជាឋានៈទេ ។

ម្នាល​អានន្ទ អ្នក​ទាំង​ឡាយ
គប្បី​អនុគ្រោះ​អ្នក​ណា
ឬថា អ្នកណាជាមិត្រក្ដី អាមាត្យក្ដី
ញាតិក្ដី សាលោ​ហិត​ក្ដី
គប្បី​សំគាល់​នូវពាក្យ​ដែល​ត្រូវ​ស្ដាប់​

ម្នាល​អានន្ទ ជនទាំង​នោះ
អ្នក​ទាំង​ឡាយ​ គួរណែនាំ
គួរឲ្យនៅ គួរ​ឲ្យ​តាំង​នៅ ក្នុង​ឋានៈ៣​ យ៉ាងនេះ ។

បិដក ភាគ៤១ ទំព័រ៣០០ ដល់៣០៣

ការបន់ស្រន់

អ្នកយល់មិនដែលបន់ស្រន់ អ្នកបន់ស្រន់មិនដែលយល់។
ព្រះសម្មាសម្ពុទ្ធគឺជាគ្រូដ៏អស្ចារ្យ មិនមែនជាអ្នកតាគង់ចាំទទួលការបន់ស្រន់ឡើយ។
ព្រះអង្គត្រាស់ថា អន្ធភូតោ អយំ លោកោ សត្វលោកនេះងងឹតឈឹង ។ មួយឃ្លានេះពិតជាត្រឹមត្រូវណាស់ព្រះអង្គ។

ការសន្ទនារវាងព្រះពុទ្ធ  និង  ឧរុវេលកស្សបៈ។
សមណគោតម   តើព្រះអង្គចង់មានន័យថា  ការបួងសួង  បន់ស្រន់  សូត្រមន្តជាដើមនោះ   ជាការឥតប្រយោជន៍  មែនទេ?   

ម្នាលកស្សប    បើមានមនុស្សម្នាក់    ចង់ហែលឆ្លងទៅកាន់   ត្រើយម្ខាងនៃស្ទឹងនេះ   តើជននោះត្រូវធ្វើដូចម្ដេច?

សំលាញ់គោតម     បើស្ទឹងរាក់ល្មម   ជននោះអាចដើរឆ្លងកាត់    តែបើទឹកជ្រៅ  ជននោះត្រូវហែល  ឬ ជិះទូកឆ្លង។

ចុះបើជននោះគ្រាន់តែឈរលើមាត់ច្រាំងនៃស្ទឹង   ហើយបន់  ស្រន់ឲ្យច្រាំងម្ខាងទៀតរត់មករកគាត់  តើម្នាលកស្សប   គិតចំពោះជននោះយ៉ាងដូចម្ដេចដែរ?

ខ្ញុំព្រះអង្គគិតថាជននោះជាមនុស្សឆ្កួតតែម្ដង។

ពិតមែនហើយកស្សប  បើបុគ្គលណាមិនច្បាំងឈ្នះអវិជ្ជា  អ្នកនោះក៏មិនអាចរំលត់ទុកបានដែរ  សូម្បីតែបុគ្គលនោះ  បន់ស្រន់អស់មួយជីវិតក៏ដោយ។

ស្រ្តីដែលអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន ត្រូវតែ

{១៣៧} ម្នាលភិក្ខុទាំងឡាយ
មាតុគ្រាមប្រកបដោយធម៌៥ យ៉ាង
ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន ។

ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។

គឺមាតុគ្រាមជាអ្នកវៀរចាកបាណាតិបាត១
វៀរចាកអទិន្នាទាន១
វៀរចាកកាមេសុមិច្ឆាចារ១
វៀរចាកមុសាវាទៈ១
វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន១ ។

ម្នាលភិក្ខុទាំងឡាយ
មាតុគ្រាមប្រកបដោយធម៌៥ យ៉ាងនេះឯង
ទើបជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះបាន ។

បិដក ភាគ៣៦ ទំព័រ១០៥

ពាក្យថា សូមទោស

ការ សូមទោស មិនមែនមានន័យថា អ្នកខុស ឬអន់នោះទេ
ហើយម្ខាងទៀត គេត្រូវនោះដែរ
តែវាមានន័យថា អ្នកមើលឃើញគុណតម្លៃ នៃការសម្ព័ន្ធភាព ច្រើនជាង ទិដ្ឋិ របស់ខ្លួនឯង

ព្រះគុណម៉ែ

កូនជាបន្ទុករបស់ឪពុកម្ដាយ ដ្បិតថាកូននៅក្នុងផ្ទៃម្ដាយ មិនមែននៅក្នុងកាយឪពុក តែឪពុកបានទុកកូននៅក្នុងការគិតរបស់លោកជានិច្ច ។

កាលពីមុន កាលពីមិនទាន់មានកូន លោកទាំងពីរក៏មិនសូវជាពិបាកណាស់ណាដែរ មានហូបឬអត់ហូប ក៏ក្រពះធំៗពីមិនទាមទារអ្វីច្រើន ដ្បិតអីរូបលោក គិតថា គាត់វ័យប៉ុណ្ណេះ អត់មួយថ្ងៃក៏បាន ការងារ គាត់ធ្វើឬមិនធ្វើ បានប្រាក់ឬមិនបានប្រាក់ ក៏មិនសូវភ័យព្រួយ ។

តែនៅពេលដែលយើងចាប់ផ្ដើមចូលទៅនៅក្នុងផ្ទះរបស់អ្នកម្ដាយ មិនថាលោកពុកឬអ្នកម៉ែ បានប្រែប្រួលពីភាពព្រងើយកន្តើយ មកជាការយកចិត្តទុកដាក់ ព្រួយបារម្ភឥតល្ហែ ។

ម៉ែ តែងតែនឹកគិត ចង់ហូបនេះហូបនោះ ព្រោះខ្លាចកូនឃ្លាន ខំញ៉ាំ ដើម្បីឱ្យបានដល់កូនដែលនៅក្នុងផ្ទៃ គាត់ភ័យខ្លាចកូនមិនគ្រប់អវយវៈ ខ្លាចកូនមិនធំធាត់ ខ្លាចកូនមិនរឹងប៉ឹង ទើបម្ដាយខំប្រឹងញ៉ាំ ទោះពេលខ្លះ ថ្ងៃខ្លះគាត់ពិបាកនឹងទទួលទានក៏ដោយ ...ដឹងទេ ថាម៉ែពិបាកប៉ុណ្ណា ការដែលមានកូនមកនៅជាមួយ ថ្ងៃណាក៏ជាថ្ងៃព្រួយ ថ្ងៃណាក៏ជាថ្ងៃដែលលោកគិត មិនដែលគិតពីខ្លួនឯង តែបែរជាជួបទុក្ខចម្បែង ដោយសារតែក្មេងតូចម្នាក់ ដែលគាត់មិនទាំងបានឃើញមុខមាត់រូបរាងច្បាស់ទៅវិញ ...តែសួរថា បើមាតាពិបាកយ៉ាងនេះហើយ គាត់ទុកកូនធ្វើអ្វី សំនួរនេះ មានចម្លើយយ៉ាងខ្លីប៉ុណ្ណោះ គឺព្រោះតែក្ដីស្រលាញ់អស់ពីបេះដូង ស្រលាញ់ជាងជាងជីវិតគាត់ទៅទៀត ម្ដាយហ៊ានលះបង់ដល់ទៅជីវិតរបស់គាត់ ដើម្បីជួយឱ្យកូនតូចជាទីស្រលាញ់ បានចេញមកឃើញពិភពលោកដ៏ស្រស់បំព្រងមួយនេះ ... ។ ម៉ែស្ម័គ្រធ្វើជាស្ពានចម្លងកូន តាំងតែពីថ្ងៃដំបូង រហូតដល់គាត់អស់ជន្មា មិនថាឈឺឬជា ក៏ម៉ែនៅតែតស៊ូអំណត់ ដើម្បីកូន ... ។

រីឯលោកឪពុកក៏ដូចគ្នា លោកគឺជាក្បូន សណ្ដោងកូនកាត់ព្យុះមារ លោកជាមគ្គុទេស ដែលចាំត្រួសត្រាយ ចង្អុលបង្ហាញនូវផ្លូវដែលល្អសម្រាប់កូនៗ ទ្រាំអំណត់ តស៊ូ ទាំងត្រដាបត្រដួស ក៏ព្រោះតែកូន ... ពុក តែងតែគិតដល់កូន គាត់ត្រូវសួរខ្លួនឯងរាល់ថ្ងៃ ថាគួរធ្វើអ្វី? រកអ្វី? ដើម្បីឱ្យកូនបានរស់នៅស្រណុកសុខស្រួល លោកពុកមានទំនួលខុសត្រូវខ្ពស់បំផុត ក្នុងការកំណត់ សុភមង្គល នៅក្នុងដំណើរជីវិត សមាជិកគ្រប់គ្នានៅក្នុងគ្រួសារ ជាពិសេស គឺការរស់នៅកូនៗរបស់គាត់ ។

លោកឪពុកអ្នកម្ដាយ គាត់បានចំណាយពេលពេញមួយជីវិត ក្នុងការគិតគូរ ផ្គត់ផ្គង់ ទំនុកបម្រុងដល់កូន ... ពុកម៉ែខ្លាចណាស់ ខ្លាចកូនល្ងង់ខ្លៅ គាត់ខ្លាចណាស់ ខ្លាចកូនលំបាក គាត់ខ្វល់ពីកូន គ្រប់ពេល ខ្វល់ពីការហូបចុក ខ្វល់ពីការរៀនសូត្រ ខ្វល់ពីការសិក្សា ខ្វល់ទាំងជីវិតស្នេហារបស់កូនទៀត ... ។ ឪពុកម្ដាយគិតពីកូន តាំងពីចុងសក់ រហូតដល់បាតជើង ក្នុងចិត្តគាត់ ទោះបានដឹងហើយថាកូនល្អ កូនបានសុខ តែគាត់នៅតែព្រួយ នៅតែបារម្ភ... ។

ដួងចិត្ត ឪពុម្ដាយ ទុកនៅនឹងកូនជានិច្ច រាល់ការស្រលាញ់ រាល់ការអាណិត រាល់ការខិតខំ រាល់ការលះបង់ រាល់ការព្រួយបារម្ភ គាត់ទាំងពីផ្ដល់ឱ្យកូន មិនមែនមានន័យថា គាត់មិនចង់បានអ្វីពីកូននោះទេ តែការចត់បានរបស់គាត់ គឺចង់បានត្រឹមតែ កូនបានរុងរឿងថ្កើងថ្កាន បានសុខសប្បាយ មានអនាគតល្អ បានជួបគូគ្រងល្អ មានមុខរបររកស៊ីល្អគាប់ មានការងារល្អប្រសើរ មានលុយមានឡាន មានបាន ហើយបងប្អូនចេះស្រលាញ់គ្នា ចេះជួយជ្រោមជ្រែងគ្នា ហើយចេះនឹកគិត យកចិត្តទុកដាក់ ថែរក្សា តបស្នង សងគុណដោយភាពកតញ្ញូជាកូនដែលល្អរបស់លោកទាំងទ្វេ ... ។

អ្វីដែលមាតាបិតាត្រូវការ វាមិនច្រើនពេកទេ បើប្រៀបទៅនឹងគុណដ៏ធំធេងរបស់គាត់ដែលមានចំពោះយើងគ្រប់គ្នាជាកូនៗ ។

១. គុណលោកឪពុក ទុកដូចដួងខែ
ចំណែកគុណម៉ែ ដូចព្រះអាទិត្យ
គុណលោកទាំងទ្វេ បុព្វេកម្រិត
ទោះមួយជីវិត កូនសងមិនអស់ ។

២. គុណបុណ្យធំធេង លោកតែងផ្ដល់ឱ្យ
គ្មានចិត្តស្ដាយក្រោយ លោកឱ្យដោយស្មោះ
ព្រោះក្ដីស្រលាញ់ វេញចិត្តសន្ដោស
គុណនៃព្រះរស់ ឈ្មោះថាមហាគុណ ...។

ត្រឹមការរៀបរាប់ប៉ុន្មានបន្ទាត់ហ្នឹង ណិតមិនអាចថ្លឹង និងលាតត្រដាងបង្ហាញនូវមហាគុណដ៏ធំធេងរបស់មាតាបិតាបានឡើយ មិនថាយកអ្វីមកផ្ទឹម ក៏មិនអាចដឹងពីគុណរបស់គាត់ច្បាស់ អ្វីដែលដឹងគឺដឹងថា គុណគាត់ធំធេង វែងអន្លាយ ឆ្ងាសន្លឹម គ្មានអ្វីអាចផ្ទឹមបានទេ

កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍ កុំ​ទុក​ចិត្ត​អភិប្រាយ

កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍ កុំ​ទុក​ចិត្ត​អភិប្រាយ
និយមន័យៈ កុំ​ទុក​ចិត្ត​មនុស្ស ទោះ​ក្នុង​ប្រភេទ​ណា​ក៏​ដោយ ។

អត្ថាធិប្បាយ

ព្រះរាជ​សម្ភារ ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ប្រយ័ត្ន​មនុស្ស​បី​ពួក​នេះ​គឺ ៖
កុំ​ទុក​ចិត្ត​បរទេស

បរទេស គឺ​ជា​ជាតិ​សាសន៍​ទីទៃ​ពី​ម្ចាស់​ស្រុក ។ គេ​តែង​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា វប្បធម៌​ផ្សេង​ពី​ម្ចាស់​ស្រុក ។ ទោះបី​ពួក​នេះ​កើត​ក្នុង​ប្រទេស​ម្ចាស់​ស្រុក ឬ​ចូល​ជាតិ​សាសន៍​ក៏​ដោយ ។ មនុស្ស​ដែល​មាន​ប្រពៃណី វប្បធម៌​ខុស​គ្នា​បែប​នេះ តែង​មាន​ចិត្ត​គំនិត​ប្លែក​គ្នា​ពី​ម្ចាស់​ស្រុក​ដែរ ។ ដូច្នេះ គេ​មិន​ត្រូវ​ទុក​ចិត្ត​ឲ្យ​អស់​ពី​ពោះ​ឡើយ ។
កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍

អភិនេស្ក្រម៍ គឺ​ពួក​ជន​ដែល​តាំង​ ខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយាធម៌ ប្រកាន់​ខ្ជាប់​នូវ​សីលទាន ភាវនា ។ ពួក​ជន​នេះ រាប់​ទាំង​អ្នក​បួស​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្ងប់ ប្រកប​ដោយ​គុណធម៌​ខ្ពស់ និង​វិសេស​វិសាល​ក្រៃលែង​លើស​គេ ។ គ្រប់​ឥរិយាបថ ពួក​ខ្លះ​ធ្វើ​ឫក​រម្យទម ស្រគត់​ស្រគំ សង្រួម​ឥន្ទ្រីយ៍​គួរ​ឲ្យ​គោរព ។ ប៉ុន្តែ​មាន​ជន​ខ្លះ គ្រាន់​តែ​យក​ខ្លួន​មក​ជ្រក​ក្នុង​ស្បែក​លា ។ ឯ​ធាតុ​ពិត នៅ​ខាង​ក្នុង​គឺ​ជា​សត្វ​ខ្លា​កំណាច​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​យ៉ាង​ ក្រៃលែង ។

គេ​មិន​ត្រូវ​សម្គាល់​មនុស្ស​ល្អ ឬ​អាក្រក់​ដោយ​គ្រាន់​តែ​ឃើញ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ ។ សម​ដូច​ពុទ្ធភាសិត​ពោល​ថា «អតិ សន្តេបិ នាស្មសេ» មិន​ត្រូវ​ទុក​ចិត្ត​មនុស្ស​ដែល​ធ្វើ​ឫក​រម្យទម​ឡើយ ។
កុំ​ទុក​ចិត្ត​អភិប្រាយ

អភិប្រាយ គឺ​ជន​ដែល​មាន​វោហារ​សព្ទ​ម៉េត​ប្រាយ និង​មាន​សម្ដី​ថ្វី​មាត់​ពូកែ​ប្រាជ្ញ​ប្រោក និយាយ​មិន​ចេះ​ហត់ ទោះ​ទៅ​ទីណា​ក៏​ឮ​សូរ​តែ​មាត់ ។ ព្រោះ​គេ​ជា​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​ការ​និយាយ ចេះ​ធ្វើ​ឲ្យ​គេ​ជឿ​តាម​ទស្សនៈ​ខ្លួន ។ ជន​ប្រភេទ​នេះ ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​អស់​បាន​ទេ ។


----------------
សុភាសិត ផ្សេងទៀត

ក្របី​នឹង​ចេក ក្អែក​នឹង​ពងមាន់ (សុភាសិតខ្មែរ អធិប្បាយ)

ក្របី​នឹង​ចេក ក្អែក​នឹង​ពងមាន់
និយមន័យៈ របស់​ជា​ទី​ចូល​ចិត្ត​នៃ​ភាគី​មួយ ។

អត្ថានុរូប

ធម្មតា ក្របី កាលណា​ឃើញ​ស្លឹក​ចេក វា​បោល​តម្រង់​ទៅ​រក​ស៊ី​ភ្លាម ព្រោះ​ស្លឹក​ចេក​ជា​ចំណី​យ៉ាង​ឆ្ងាញ់​សម្រាប់​វា ។ ឯ​ពងមាន់​ក៏​ជាទី​ចូលចិត្ត​នៃ​សត្វ​ក្អែក​ដែរ ។
អត្ថប្បដិរូប

សុភាសិត​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ មាន​ន័យ​តែ​មួយ​ដូច​គ្នា ។ លោក​ចង់​និយាយ​ដៅ​ទៅ​លើ​របស់​ដែល​ជា​កម្មវត្ថុ និង​ជា​ទី​ពេញ​ចិត្ត​នៃ​ភាគី​មួយ ។ ដូចជា មនុស្ស​កាល​ណា​បាន​ឃើញ​មាស​ប្រាក់ កែវ​កង ពិទូរ្យសូរ្យកាន្ត តែង​លោភ​លន់​ចង់​បាន​តាម​តណ្ហា​របស់​ខ្លួន ។

គេ​អាច​ចែក​សុភាសិត​នេះ​បាន​ម្យ៉ាង​ទៀត​ថា មនុស្ស​ដែល​ស្រលាញ់​គ្នា ត្រូវ​ចិត្ត​គ្នា កាលណា​បាន​ឃើញ​គ្នា គេ​តែង​រត់​រក​គ្នា​ជានិច្ច ។


----------------
សុភាសិត ផ្សេងទៀត

កុំ​ផ្ញើ​ស្រា​នឹង​អ្នក​ប្រមឹក (សុភាសិតខ្មែរ អធិប្បាយ)

កុំ​ផ្ញើ​ស្រា​នឹង​អ្នក​ប្រមឹក
និយមន័យៈ កុំ​យក​របស់​អ្វី​ទៅ​ផ្ញើ​នឹង​អ្នក​កំពុង​ត្រូវការ ។

អត្ថាធិប្បាយ

មុន​នឹង​ផ្ញើ​របស់​អ្វី​មួយ​ទៅ​នឹង​អ្នកណា​ម្នាក់ គេ​ត្រូវ​ដឹង​ពី​ចំណុច​ខ្សោយ​អ្នក​នោះ​សិន ។ ព្រោះ​ថា មនុស្ស​ដែល​មាន​ចំណុច​ខ្សោយ​តែង​ត្រូវ​ការ​ចំណុច​ខ្លាំង ។ គឺ​មនុស្ស​ដែល​កំពុង​ត្រូវការ​អ្វី ហើយ​អ្វី​នោះ​បាន​មក​ដល់​ដៃ ។ គេ​ប្រាកដ​ជា​បេះ​បោច​របស់​នោះ​មិន​ខាន បើ​មិន​ច្រើន​ក៏​តិច​តួច​ដែរ ។ ឧទាហរណ៍ ៖

* យក​ដែក ផ្ញើ​នឹង​ជាង​ដែក ដែល​កំពុង​ត្រូវការ​ដែក
* យក​ឈើ ផ្ញើ​នឹង​ជាង​ឈើ ដែល​កំពុង​ត្រូវ​ការ​ឈើ
* យក​លុយ ផ្ញើ​នឹង​អ្នក​ក្រីក្រ
* យក​អង្ករ ផ្ញើ​នឹង​អ្នក​កំពុង​ដាច់​ពោះ

ដូចនេះ ការ​យក​ស្រា​ទៅ​ផ្ញើ​នឹង​អ្នក​ប្រមឹក​ក៏​មាន​ន័យ​ដូច​គ្នា ។ ទោះបី​គេ​ដឹង​ថា មនុស្ស​នោះ​ស្លូត​ត្រង់ និង​ស្មោះ​ត្រង់​យ៉ាងណា​ក៏​ដោយ ។ ពាក្យ​ចាស់​លោក​ពោល​ថា មនុស្ស​ទៀង​មិន​ឈ្នះ​ទ័ល តែ​ទ័ល​ហើយ មុខ​ជា​ហ៊ាន​ប្រថុយ​បេះ​បោច​ខ្លះ​មិន​ខាន ។


----------------
សុភាសិត ផ្សេងទៀត